អតីត​ប្រមុខ អ.ស.ប. ប្រកាស​មិន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង

លោក បាន គីមូន (Reuters)

អតីត​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​របស់​លោក​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

លោក បាន គីមូន បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​ដឹកនាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​អស់​រយៈ​ពេល ១​ទសវត្សរ៍​កន្លង​មក ហើយ​លោក​ត្រូវ​បាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា នឹង​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ ប៉ុន្តែ បេក្ខភាព​របស់​លោក ជួប​ប្រទះ​នឹង​បញ្ហា​ជា​ហូរ​ហែរ។

លោក បាន គីមូន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​មួយ​ថា លោក​នឹង​ដក​ខ្លួន​ពី​នយោបាយ ហើយ​លោក​សុំ​ទោស​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ខក​ចិត្ត។

បើទោះបី​ជា​លោក​មិន​ដែល​ប្រកាស​ជា​ផ្លូវការ​ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​ផ្លូវការ​ក៏​ដោយ អតីត​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ជា​ហូរ​ហែរ ហើយ​ត្រូវ​បាន​គេ​រំពឹង​ទុក​យ៉ាង​ទូលំ​ទូលាយ​ថា នឹង​ចូល​រួម​ក្នុង​គណបក្ស​​ Saenuri របស់​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ឬ​ក៏​រួប​រួម​គ្នា​ជាមួយ​ក្រុម​អភិរក្ស​ដែល​បំបែក​ខ្លួន​ចេញ​ពី​គណបក្ស​នេះ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​នេះ។

មាន​អាជីព​ជា​អ្នក​កាទូត​ម្នាក់ លោក បាន គីមូន មិន​ដែល​ចូល​រួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​របស់​កូរ៉េ​ខាង​ត្បូង​នោះ​ឡើយ បើ​ទោះបី​ជា​លោក​ធ្លាប់​បម្រើការ​ជា​រដ្ឋ​មន្ត្រី​ការបរទេស នៅ​ក្រោម​អតីត​ប្រធានាធិបតី​ លោក រ៉ូ មូហ្យុន ចន្លោះ​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៦​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ