សហជីពមួយថាការរំលោភសិទ្ធិកម្មករកើនឡើង ក្រោយរដ្ឋាភិបាលអនុវត្តច្បាប់សហជីព

សហភាពការងារកម្ពុជាហៅកាត់ថា ស៊ីលិលស៊ី (CLC) អះអាងថា អំពើហិង្សា ការរំលោភសិទ្ធិ និង​រឹតត្បិតសេរីភាពផ្សេងៗ មកលើកម្មករនិយោជិតបានកើនឡើង បើធៀបទៅនឹងឆ្នាំ២០១៥កន្លងទៅ ក្រោយរាជរដ្ឋាភិបាល​ដាក់ឲ្យដំណើរការច្បាប់សហជីបដោយចម្រូងចម្រាស់។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៧នេះ សហភាពការងារកម្ពុជាឲ្យដឹងថា ក្នុងឆ្នាំ២០១៦ អំពើហិង្សានិងបញ្ហាប្រឈមជាច្រើនបានកើតឡើងមកលើសហជីពកម្មករនិយោជិត ក្នុងនោះមានដូចជាមន្ត្រី​សហជីពនិង​កម្មករ​ត្រូវបានក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ ខណៈដែលពួកគេតវ៉ាការបញ្ឈប់កម្មករ​ពី​ការងារ ការប្រើ​អំពើ​ហិង្សាមកលើកកម្មករ រហូតដល់​របួស​ស្នាមជាដើម។

របាយការណ៍បញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០១៦កន្លងទៅ សហជីពដែលត្រូវបានក្រុមហ៊ុនប្ដឹងនោះ មានចំនួន២៦ករណី។ កម្មករដែលត្រូវបានគេបញ្ឈប់ពីការងារមានចំនួនជាង៣ម៉ឺននាក់។ ​ការប្រើអំពើហិង្សារហូតដល់របួសស្នាមមាន៣ករណី និងកម្មករដែលរងគ្រោះថ្នាក់ការងារមានចំនួនជាង៥ពាន់ករណី។

ប្រធានសហភាពការងារកម្ពុជា លោក ​អាត់ ធន់ មានប្រសាសន៍ថា បន្ទាប់​ពីច្បាប់សហជីព​បានដាក់ឲ្យអនុវត្តជាងកន្លះឆ្នាំមកនេះ អំពើហិង្សានិងការរិតត្បិតសិទ្ធិសេរីភាពកម្មករ ដោយមិនឲ្យតវ៉ា និងបញ្ចេញមតិផ្សេងៗ ពីសំណាក់ថៅកែក្រុមហ៊ុន គឺជាបញ្ហាដែលនាំឲ្យសហជីពឯករាជ្យ​មានការលំបាក​ក្នុងការទប់ស្កាត់ការរំលោភសិទ្ធិផ្សេងៗមកលើកកម្មករ។

លោកស្នើឲ្យរដ្ឋសភានិងរដ្ឋាភិបាល ធ្វើវិសោធនកម្មច្បាប់សហជីពនៅត្រង់មាត្រាមួយចំនួន ហើយធ្វើការដានតាមការអនុវត្តច្បាប់នេះ របស់មន្ត្រីមួយចំនួនឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់អំពើហិង្សា និងការរំលោភសិទ្ធិសេរីភាពកម្មករបន្តទៀត។

លោកថា៖ «ធ្វើឡើង គឺមានការរឹតបន្តិងសេរីភាពដកសិទ្ធិសេរីភាពរបស់កម្មករ  នៅកន្លែងខ្លះទៀតគេកម្រិតតែម្ដង អាមួយបិទ អាមួយទៀតគេកម្រិតតែម្ដង។ ប្រសិទ្ធិភាពនៃការដោះស្រាយដោយយុត្តិធម៌ វានៅតែអត់មាន ថៅកែចង់ធ្វើក៏មិនដែលមានរឿងដែរ  ហើយកម្មករធ្វើមិនគេចាប់ដាក់គុក។ តំណាងសហជីព ជួយមើលដល់រដ្ឋាភិបាល  ជួយមើលដល់កម្មករ  និងជួយតវ៉ាតដល់កម្មករត្រូវជាអ្នករងគ្រោះវិញ (ដោយប្រព័ន្ធតុលាការ) មកពីតុលាការអត់យុត្តិធម៌ ហើយមន្ត្រីក្រសួងមួយចំនួនគាត់មានពាក់ព័ន្ធទៅហ្នឹង កាងនៅក្រុមហ៊ុន ឬក៏ ជាទីប្រឹក្សារបស់ក្រុមហ៊ុន ចឹងទៅគាត់មិនអាចដោះស្រាយបញ្ហារឿងការងារបានត្រឹមត្រូវទេ»។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ គឺលោក ហេង សួរ បានទេ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

ទោះជាយ៉ាងណា កន្លងមក រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់លើកឡើងថា​ច្បាប់ស្ដីពីសហជីពនេះ​ មានភាពល្អប្រសើរ​ហើយ នឹងធានាសិទ្ធិសេរីភាព របស់អង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ ដែលជាកត្តាស្នូល ក្នុងការធានាភាព រីកចម្រើន របស់រោងចក្រ និងសុខដុមរមនារវាងភាគីនិយោជិតនិងនិយោជក។

ចំពោះនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ​សារទចំពោះការរកឃើញរបស់សហភាពការងារកម្ពុជា ដោយលោកថា រដ្ឋាភិបាលគួរ​តែធ្វើ​វិសោធនកម្មច្បាប់សហជីព ដោយសារច្បាប់នេះ បានកំពុងចងក្រុមសហជីពមិនធ្វើសកម្មភាពផ្សេងៗ ដើម្បីជួយដោះស្រាយបញ្ហាឲ្យកម្មករកន្លងមក។

លោកថា៖ «ភស្តុតាងបានបង្ហាញថា ច្បាប់នេះបានធាក់ថយ សិទ្ធិសេរីភាពរបស់កម្មករ  ក្នុងការបង្កើតសហជីព ក្នុងការអនុវត្តសិទ្ធិសេរីភាពសហមូលហភាព។ល។ មានតែធ្វើវិសោធកម្មច្បាប់សហជីពនឹងទេ ដែលស្ដាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កម្មករហ្នឹងវិញ។  បើសិនជាយើងទុកច្បាប់នឹងតទៅទៀត គឺធ្វើចលនាសហជីពនឹងកាន់តែខ្សោយទៅ ហើយកម្មករមិនអានុវត្តសិទ្ធិរបស់ខ្លួនបានទេ។ កាលណាកម្មករ មិនអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនបាន គឺបញ្ហាប្រាក់ឈ្មួល បញ្ហាលក្ខខណ្ឌការងារ បញ្ហារើសអើង បញ្ហាអំពើហិង្សាផ្នែកយេនឌ័រទៅលើស្ត្រីអាចកាន់តែកើន»។

លោកបន្តថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនខ្វល់បញ្ហា ដែលកំពុងកើតឡើងបច្ចុប្បន្ននេះទេ នៅពេលខាងមុខនឹងមានកម្មករតវ៉ាដូចឆ្នាំ២០១៤កន្លងមក។

គួររម្លឹកថា ច្បាប់ស្ដីពីសហជីពត្រូវបានរដ្ឋសភាដាក់ឲ្យអនុវត្តកាលពីខែឧសភាឆ្នាំ២០១៦ ដែល មានចំនួន១៧ជំពូកនិង១០០មាត្រា។ ចំពោះ បក្សប្រឆាំង សហជីពឯករាជ្យ ​និងអង្គការសង្គមស៊ីវិល នៅតែអះអាងថា ច្បាប់សហជីពនេះ មិនបានការពារប្រយោជន៍សហជីបនិងកម្មករនោះទេ ខណៈខ្លឹមសារខ្លះ គឺមានចរិកផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ