សហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការធ្វើដំណើរចំនួន ៦ម៉ឺនសន្លឹក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាហាមឃាត់អ្នកដំណើរមកពីប្រទេសមូស្លីមធំៗចំនួន ៧។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីក្រសួងការបរទេសអាមេរិក។
អ្នកនាំពាក្យការិយាល័យកុងស៊ុលនៃក្រសួងការបរទេសអាមេរិក លោក Will Cocks ត្រូវបាន AFP ដកស្រង់សម្ដីចុះផ្សាយថា ទិដ្ឋការរបស់អ្នកដំណើរមិនតិចក្រោម ៦ម៉ឺនសន្លឹក ត្រូវបានដកហូតជាបណ្ដោះអាសន្ន ដើម្បីឲ្យស្របទៅនឹងបទបញ្ជាប្រធានាធិបតី។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ស្ថាប័នលោកទទួលស្គាល់ថា បុគ្គលទាំងនោះ បានរងការរំលោភបំពានជាបណ្ដោះអាសន្ន ខណៈស្ថាប័នលោកត្រួតពិនិត្យឡើងវិញ ក្រោមបទបញ្ជាប្រធានាធិបតី។
កាលពីមួយសប្ដាហ៍មុន លោក ត្រាំ បានចេញបញ្ជាមួយដោយហាមឃាត់យ៉ាងហោច ៩០ថ្ងៃសម្រាប់អ្នកដំណើរជាពលរដ្ឋមកពីអ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ីរី និងយ៉េមែន។
បទបញ្ជានោះក៏បានហាមឃាត់ជនភៀសខ្លួនពីជុំវិញពិភពលោករយៈពេល ១២០ថ្ងៃផងដែរ៕