យុទ្ធនាការអាវខ្មៅមានភាពចម្រូងចម្រាស់ ខណៈមនុស្សមួយក្រុមប្រឆាំងមិនឲ្យធ្វើ

យុទ្ធនាការអាវខ្មៅនៅថ្ងៃចន្ទនេះមានភាពចម្រូងសម្រាស់ ខណៈមានមនុស្សមួយក្រុមចេញមុខមកតវ៉ាប្រឆាំងមិនធ្វើយុទ្ធនាការនោះ ដែលទាមទារឲ្យដោះលែងអ្នកជាប់ឃុំ។

សកម្មជនដីធ្លីមួយចំនួនក្នុងសហគមន៍បុរីកីឡាបានបន្តធ្វើយុទ្ធនាការអាវខ្មៅដោយនាំគ្នាឈរលើកបដារូបថតលោក កែម ឡី មន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តី គ ជ ប លោក នីចរិយា និងតំណាងសហគមន៍ អ្នក ទេព វន្នី ។ ពួកគេបានស្រែកទាមទារឲ្យតុលាការដោះលែងអ្នកទាំងនោះ ប៉ុន្តែត្រូវផ្អាកវិញបន្ទាប់ពីពលរដ្ឋមួយក្រុ​មផ្សេងទៀតនៅក្នុងសហគមន៍នេះដែរ ចេញមករារាំងមិនឲ្យធ្វើ។

អ្នកស្រី ទឹម សាក់មន្នី អះអាងថាជាតំណាងពលរដ្ឋដែលតវ៉ាប្រឆាំង និយាយថាមូលហេតុដែលពួកគាត់ជំទាស់មិនឲ្យធ្វើយុទ្ធនាការអាវខ្មៅនៅក្នុងសហគមន៍នោះ ដោយយល់ថាការធ្វើយុទ្ធនាការនេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ពលរដ្ឋដែលមិនទាន់ទទួលបានដំណោះស្រាយជម្លោះដីធ្លីឡើយ។

អ្នកស្រីថាការបន្តធ្វើយុទ្ធនាការនេះបង្ករឲ្យអាជ្ញាធរខឹងហើយមិនដោះស្រាយបញ្ហាដីធ្លីសម្រាប់អ្នកដែលនៅ សេសសល់។

អ្នកស្រីបន្តថា៖ «ពួកវាធ្វើនេះ មិនបានបំរើផលប្រយោជន៍ដល់អ្នកដែលបាត់បង់ផ្ទះសម្បែងពិតប្រាកដទេ ធ្វើដើម្បីផលប្រយោជន៍វានិងបក្សពួកវា»។

តែយ៉ាងណាងពលរដ្ឋដែលធ្វើយុទ្ធនាការអាវខ្មៅ អ្នកស្រី ស ស៊ន បានដាក់ការសង្ស័យថា ក្រុមពលរដ្ឋដែលរំខានមិនឲ្យពួកគាត់ធ្វើការយុទ្ធនាការអាវខ្មៅនោះ អាចមានអ្នកបញ្ជានៅពីក្រោយ ដោយថាក្រុមអ្នកស្រីបានធ្វើយុទ្ធនាការនេះជាង៣០សប្តាហ៍ហើយ មិនដែលមានអ្នកភូមិណាមករារាំងឬបង្ករការរំខានមិនឲ្យធ្វើនោះទេ។

អ្នកស្រីបន្តថា «ពួកគាត់ហ្នឹង[ក្រុមពលរដ្ឋប្រឆាំងមិនឲ្យធ្វើយុទ្ធនាការអាវខ្មៅ]មិនមែនជាអ្នករងគ្រោះពិតប្រាកដទេពួកសុទ្ធតែមានផ្ទះហើយៗ ។ពួកគាត់ហ្នឹង សុទ្ធតែប្រធានសហគមន៍ចាស់ ដែលធ្វើឲ្យពួកម៉ីងអត់បានផ្ទះ។ហ្នឹងគាត់ជំទាស់ពួកមីងហ្នឹងពីរសប្តាហ៍ហើយសប្តាហ៍មុន និងសប្តាហ៍នេះ។ពីមុនមកមីងចាប់ផ្តើមធ្វើតាំងសប្តាហ៍ទី១រហូតមកសប្តាហ៍ទី៤០គឺអត់មានពួក គាត់មករារាំងទេ ទើបតែប្លែកពីសប្តាហ៍មុន និងសប្តាហ៍នេះឲ្យតែពួកមីងចាប់ផ្តើមធ្វើពួកគាត់ ត្រៀមខ្លួនចេញប្រឆាំងពួកមីងហើយ»។

អ្នកស្រី ស ស៊ន បន្តថា ទោះមានការរំខានយ៉ាងណាក៍ដោយពួកគាត់នៅតែបន្តធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅនេះរហូតមានការដោះលេងអ្នកជាប់ឃុំទាំងនោះ។

នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈនេះ គឺជាសប្តាហ៍ទី៤០ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ ករណីសម្លាប់ លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ