ប្រមុខ​កាទូត​ចិន​ថា ចិននិង​អាមេរិក​មិន​អាចជំរុញ​ឲ្យ​មាន​ជម្លោះ​នោះ​ឡើយ

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ព្រមាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នឹង​គ្មាន​ភាគី​ណា​ឈ្នះ​នៅ​ក្នុង​ជម្លោះ​រវាង​ចិន និង​អាមេរិក​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ចាត់​ទុក​សម្ដី​របស់​ប្រមុខ​កាទូត​ចិន​ជា​ការ​ព្យាយាម​សម្រួល​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​កើត​ឡើង​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

បើ​តាម Reuters ទំនាក់​ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក បាន​ជួប​ភាព​ល្វីញ​ជូរ​ចត់​នឹង​គ្នា បន្ទាប់​ពី​លោក ត្រាំ បាន​ធ្វើ​ឲ្យ​ចិន​អាក់​អន់​ស្រពន់​ចិត្ត​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ដោយ​លើក​ទូរស័ព្ទ​របស់​ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន ហើយ​លោក ត្រាំ ថែម​ទាំង​បាន​គំរាម​ដក​ហូត​ពន្ធ​គយ​លើ​ទំនិញ​ចិន​ទៀត​ផង។

ប្រទេស​ចិន​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ដោយ​មិន​មាន​សិទ្ធិ​បង្កើត​ទំនាក់​ទំនង​កាទូត​ផ្លូវការ​ជាមួយ​ប្រទេស​ណា​មួយ​នោះ​ឡើយ។

ប៉ុន្តែ បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​អូស្ត្រាលី អ្នក​ស្រី Julia Bishop លោក វ៉ាង យី បាន​ថ្លែង​ថា ចិន​បាន​ប្ដេជ្ញា​ចំពោះ​សន្តិភាព។

លោក វ៉ាង បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​កង់បេរ៉ា​ថា ចិន និង​អាមេរិក មិន​អាច​មាន​ជម្លោះ​នឹង​គ្នា​នោះ​ឡើយ ដោយសារ​ភាគី​ទាំង​ពីរ​នឹង​ខាត​បង់ និង​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ។

ខណៈ​ដែល​ព្យាយាម​សម្រួល​ភាព​តាន​តឹង លោក វ៉ាង បាន​អំពាវ​នាវ​ទៅ​ក្រុម​មេដឹកនាំ​ពិភព​លោក ឲ្យ​ទាត់​ចោល​គោល​នយោបាយ​ការពារ​និយម ដែល​លោក ត្រាំ បាន​គាំទ្រ​នៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​របស់​លោក ដែល​កំណត់​ថា “គិត​ពី​អាមេរិក​មុន​គេ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ