ប្រជាជនឥណ្ឌូនេស៊ីរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅថ្ងៃនេះ នៅឯវិហារមួយកន្លែង កណ្ដាលទីក្រុងហ្សាកាតា ជាទីដែលមេដឹកនាំសាសនា បានជំរុញមនុស្សទាំងនោះ ឲ្យគាំទ្របេក្ខជនមូស្លីម នៅអំឡុងការបោះឆ្នោតនៅសប្ដាហ៍ក្រោយ ដើម្បីជ្រើសរើសអភិបាលក្រុងហ្សាកាតាថ្មី។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ពលរដ្ឋឥណ្ឌូនេស៊ីក្នុងទីក្រុងហ្សាកាតារាប់លាននាក់ នឹងត្រូវចេញទៅបោះឆ្នោតនៅថ្ងៃពុធសប្ដាហ៍ក្រោយ ដើម្បីជ្រើសរើសអភិបាលក្រុងថ្មី ដែលការបោះឆ្នោតនោះ ត្រូវបានក្រុមអ្នកវិភាគនិយាយថា ត្រូវបានគេរៀបចំធ្វើឡើងធ្វើជាអាយ៉ងមួយ នៅមុនការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០១៩ខាងមុខ។
ឥណ្ឌូនេស៊ី គឺជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែ ប្រទេសនេះបានទទួលស្គាល់សាសនាចំនួន ៦ នៅក្នុងសង្គម និងទឹកដីសម្បូរទៅដោយក្រុមជនជាតិភាគតិច ព្រមទាំងប្រកាន់ជំនឿបុរានប្លែកៗ។
នៅទីក្រុងហ្សាកាតា អភិបាលក្រុង លោក បាស៊ូគី ត្ចាហាចា ពូណាម៉ា ដែលជាជនជាតិឥណ្ឌូនេស៊ីកាត់ចិន និងប្រកាន់ជំនឿលើគ្រីស្ដសាសនានោះ កំពុងប្រកួតប្រជែងនឹងបេក្ខជនមូស្លីម ២រូបទៀត ដែលមានមួយជាកូនប្រុសអតីតប្រធានាធិបតី ស៊ូស៊ីឡូ បាំបាំង យុទ្ធោយ៉ូណូ និងកូនប្រុសអតីតរដ្ឋមន្ត្រីអប់រំ លោក អានី បាស្វេដាន់។
លោក ពូណាម៉ា ត្រូវបានក្រុមមូស្លីមចោទថា បានជេរប្រមាថគម្ពីកូរ៉ាន់ ដែលជាសៀវភៅធម៌ពិសិដ្ឋសម្រាប់សាសនិកឥស្លាម៕