ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ ធ្វើដំណើរទស្សនកិច្ចនៅសេតវិមានអាមេរិក នៅថ្ងៃនេះ ដោយបានស្វាគមន៍លោកដូចបងប្អូន នៅមុនជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានផ្សាយបន្តថា លោក អាបេ បានទទួលស្វាគមន៍ពីកងកិត្តិយសពិសេសរបស់យោធាអាមេរិក និងការឱបរឹតពីប្រធានាធិបតី ខណៈលោកធ្វើដំណើរទៅដល់សេតវិមាន ដើម្បីពិភាក្សាជាមួយលោក ត្រាំ ក្នុងបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយប្រធានាធិបតីថ្មីរបស់អាមេរិក និងក្នុងបំណងជម្រះចោលវិវាទពាណិជ្ជកម្ម។
លោក អាបេ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីងតោន ដោយរំពឹងថានឹងស្ដារឡើងវិញនូវទំនាក់ទំនង ដែលបានរកាំរកូសដោយសារតែលោក ត្រាំ បានចោទសួរអំពីជំហររយៈពេលវែងរបស់ជប៉ុន ការដែលលោក ត្រាំ បានច្រានចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ប៉ាស៊ីហ្វិក។
មេដឹកនាំទាំងពីរគ្រោងជួបពិភាក្សាគ្នាក្នុងការិយាល័យប្រធានាធិបតី ពិសារអាហារក្នុងសេតវិមាន និងធ្វើសន្និសីទសារព័ត៌មាន មុននឹងពួកគេជិះយន្តហោះទៅលេងវាយកូនហ្គោល នៅរដ្ឋផ្លរីដា នៅថ្ងៃស្អែកនេះ៕