លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយកម្ពុជា លោក កឹម សុខ បន្ទាប់ពីលោកថ្លែងនៅក្នុងវិទ្យុអាស៊ីសេរី។
លោក គី តិច មេធាវីតំណាងលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសារព័ត៌មាន Fresh News ដកស្រង់សម្ដីចុះផ្សាយថា លោក ហ៊ុន សែន បានសម្រេចឲ្យលោកដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក កឹម សុខ នៅថ្ងៃស្អែកនេះ។
បណ្ដឹងនេះ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខ បានថ្លែងនៅក្នុងវិទ្យុអាស៊ីសេរីកាលពីយប់មិញ ដែលលោក គី តិច ចាត់ទុកថា អ្នកវិភាគរូបនេះ បានចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញម្នាក់ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំមុន៕











