សង្គមស៊ីវិលបង្ហាញទស្សនៈផ្សេងគ្នា ករណីលោក ហ៊ុន សែន ប្តឹង លោក គឹម សុខ

ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចតាមដានអ្នកវិភាគលោក គឹម សុខ កុំឲ្យចេញក្រៅប្រទេសមុនកាត់ទោសតាមបណ្តឹងរបស់លោកនោះ សង្គមស៊ីវិលខ្លះយល់ថា ជាការប្រើអំណាចជ្រៀតជ្រែ​កប្រ​ព័ន្ធយុត្តិ​ធម៌ ដើម្បីប្រយោជន៍នយោបាយ តែខ្លះទៀតថាជាសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។

កាលពីថ្ងៃចន្ទ ម្សិលមិញ លោក ហ៊ុន សែន បានព្រមានមុនតុលាការកាត់ទោសថា លោក គឹម សុខ ថានឹងអាច​​ជា​ប់​ពន្ធ​នាគារពីរឆ្នាំ ហើយព្រមានទៀតថានឹងរឹបអូសទ្រព្យសម្បត្តិអ្នកវិភាគរូបនេះទៀត បើគ្មានលុយ៥០ម៉ឺនដុល្លារ សងជំងឺចិត្តឲ្យលោកជាដើមបណ្តឹងដែលចោ​ទថា លោក គឹម សុខ បានចោទរដ្ឋាភិបា​លថាអ្នកនៅ​ពីក្រោយ​ការសម្លាប់​លោក កែម​ ឡី។ លោក ហ៊ុន សែន បានការពារថា ការដែលលោកប្តឹងនេះ ថាជាការពង្រឹងនីតិរដ្ឋ។

លោកថា៖ «កុំរត់អ្ហាស ព្រោះខ្លួនឯងថាជើងខ្លាំង ទៅជាប់គុកត្រឹមពីរឆ្នាំតើ? ទៅអស់លុយប៉ុន្មានទៅ កុំថាអត់លុយសងវើយ។ បើគ្មានលុយសង មានតែរឹបអូសយកផ្ទះវើយ។ ព្រោះនៅពេ​លដែល​អ្នកឯងនិ​យា​យ​អ្នកឯ​ងមានបានគោរពគេអត់ គេមានកិត្តិយសរបស់គេដែរ គណប​ក្សប្រជា​ជនសម្លាប់​មនុស្ស​ចប់ហើ​យ វា​មានអីទៀត អ្នកណាជាអ្ន​កចំណេញពីសោ​កនាដកម្មនៃកា​រស្លាប់មនុ​ស្សនៅក្នុងដំណា​ក់កាល​ដែ​លខ្លួ​ន​កំពុងកាន់អំណាច។ អានេះគ្រាន់តែនិយាយឲ្យច្បាស់ កុំជោអ្ហាស»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា បានស​រសេរលើ​បណ្តា​ញ​សង្គម របស់លោកថា នៅប្រទេសប្រជាធិតេយ្យសេរីនិងនីតិរដ្ឋ លោកថារដ្ឋាភិបាលឬគណប​ក្សន​យោ​បា​​​យ គេមិនប្តឹងប្រជាពលរដ្ឋពីបទបរិហារកេរ្តិ៍ ទាក់ទិនការចោទប្រកាន់ឬការទិតៀ​ននយោ​បាយ ទា​រ​សំ​​​ណងជាលុយដ៏សម្បើមហួសហេតុដូចនេះទេ។

លោក គល់ បញ្ញា លើកឡើងទៀតថា អ្នកដឹកនាំ​ជាបុគ្គលសាធារណៈ ស្វែងរកកេរ្តិ៍ឈ្មោះ​ដើម្បីបានអំណា​ចនយោបាយ មិនដូចបុគ្គលសា​ធារណៈ ជាសិល្បករ ឬកីឡាករ អ្នករកស៊ី កេរ្តិ៍ឈ្មោះទា​ក់ទិនតម្លៃលុ​យនោះទេ ដោ​យថា ការខូចខា​តកេ​រ្តិ៍ឈ្មោះ​របស់អ្នកនយោបាយ គឺត្រឹមតម្លៃប្រជាប្រិយខាងនយោបាយ មិន​មែ​​នដើម្បី​លុយទេ។

លោកបញ្ជាក់បែបនេះថា៖ «អ្នកដឹកនាំអំណាចនយោបាយជាដើមបណ្តឹងប្តឹងប្រជាពលរដ្ឋ ហើយក៏បញ្ជា​អា​ជ្ញា​​ធរ​ ដា​​ក់សម្ពា​ធឃាត់​អ្នក​ចុងចោទ ដែលនេះជាទំនាស់​ផលប្រយោជន៍នៃ​កាប្រើអំណាច​និងប៉ះពាល់ឯ​ក​រាជ្យរប​ស់​ប្រ​ព័​ន្ធ​យុត្តិធម៌។ ក​រណីបែបនេះគឺមិនមានសិទ្ធិស្មើគ្នា ចំពោះមុខ​ច្បាប់និ​ងការប្រើ​ប្រព័​ន្ធ​យុត្តិ​ធម៌ទេ»។

លោកមេធាវី សុក​ សំអឿន ឲ្យដឹងថា តាមច្បាប់ អ្នកនយោបាយជាន់ខ្ពស់ ក៏​មាន​​​​សិទ្ធិរកជំនួយផ្លូវច្បាប់ ដើ​ម្បី​សែ្វងរកយុត្តិធម៌ ដូចពលរដ្ឋសាមញ្ញដែរ បើខ្លួនយល់ថា សិទ្ធិដែ​​ល​ធា​នាដោយច្បាប់ ត្រូវាបានគេ រំ​​លោ​​​​​​ភបំពាន។ប៉ុន្តែលោកថា អ្វីដែលមជ្ឈដ្ឋានមួយចំនួន ព្រួយបារម្ភ និងភ័យខ្លាចនោះ គឺការអនុវត្តច្បាប់ មិនស្មើភាពគ្នា។

លោកថា៖ «ធម្មតានៅស្រុកគេ កាលណាមេដឹកនាំគេចង់ធ្វើស្អីមួយៗ ជួនកាល គេបង្ហាញជំហរ ច្បាស់​លាស់ របស់គេអញ្ចឹងទៅ សម្រាប់ទាញយកប្រជាប្រិយភាពរបស់គេ ។មិនមែនមានន័យថា​ឲ្យតែគេប្តឹ​ង​សុ​​ទ្ធិតែ​ខុសមិនមែនអញ្ចឹងទេ ។យើងថាអញ្ចឹងឲ្យតែអ្នកធំប្តឹងគេលែងកើតអញ្ចឹង? សំខាន់ឲ្យ​យើងមានតុ​លា​កា​​រ​ហ្នឹងឯករាជ្យទៅ ​វាមិនមានបញ្ហារិះគន់ និងការភ័យខ្លាចហ្នឹងកើតឡើងទេ»។

អ្នកជំនាញអភិបាលកិច្ចនិងប្រជាធិបតេយ្យ លោក បណ្ឌិត ចាន់ វិបុល លើកឡើងថា  ការដែ​ល​មេ​​ដឹក​នាំកំពូលចេញមុខប្តឹងបុគ្គលណាមួយ ចំពេលដែល ប្រព័ន្ធតុលាការមិនឯករាជ្យបែប​នេះ លោ​កថា​ គេ​ពិបាកសង្ឃឹមទៅលើចំណាត់ច្បាប់ ថាមានយុត្តិធម៌។

លោក ចាន់ វិបុល វិភាគទៀតថា អ្វីដែលលោក គឹម សុខ និយាយតាមប្រព័ន្ធផ្សព្វផ្សាយលោកថា ជាទស្ស​ន​វិ​ភាគ ឆ្លុះបញ្ចាំង​ទៅលើ រ​បត់នយោបាយ របស់អ្នកដឹកនាំ ។

លោក ចាន់ វិបុល លើកឡើងទៀតថា ការបញ្ចេញទស្សនៈ ការតម្តែងមតិដោយសន្តិវិធី គឺ​ត្រូ​វបា​ន​ធា​នាដោយ រដ្ឋធម្មនុញ្ញ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។

លោកថា៖ «បើយើងពិនិត្យពីទិដ្ឋភាពនេះ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្តី របស់អ្នកជំនាញក្តី រប​ស់​អ្នកឯក​រាជ្យក្តី​ ឬក៏របស់សមាជិកគណបក្សណាក៏ដោយ គឺជាសមត្ថភាពពេញ ត្រូបានការពា​រដោយរ​ដ្ឋ​ធ​ម្ម​នុញ្ញ តា​មគោល​​ការណ៍នីតិរដ្ឋបែបសេរី ។ប៉ុន្តែយើងបានដឹងទាំងអស់គ្នាហើយថា ការដឹកនាំបច្ចុ​ប្បន្ន មិន​មែ​នជា​​​​ការដឹក​នាំបែបនីតិរដ្ឋបែបសេរីទេ គឺជានីតិរ​ដ្ឋបែបផ្តាច់កា​រនិយម។​អញ្ចឹងអ្នកន​យោបាយតែ​ងតែ​យក​ឱកា​ស​នេះ មកប្រើប្រាស់ ប្រព័ន្ធការពារច្បាប់ក្តី ប្រព័ន្ធឃ្លាំមើ​លការអនុវត្តច្បាប់ក្តី [រដ្ឋសភា​]ដើម្បីជា​ប្រយោ​ជន៍ របស់គាត់»។

លោក ចាន់ វិបុល ព្រមានថា ការដឹកនាំបែបនេះ នឹងមិនទទួ​លបាន​ការគាំទ្រ​ច្រើនពី​មហា​ជនទេ សម្រាប់​កម្ពុ​​ជា ដែលអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនោះ។

លោកថា៖ «ទី១គឺគោលការណ៍ ស្មារតីនៃរដ្ឋធម្មនុញ្ញត្រូវបានបំពាន។ បំពានត្រង់ថា គោលការណ៍ឯក​រា​ជ្យ​រប​ស់​ស្ថា​ប័​នតុលាការ មិនបានស្ថិតនៅក្នុងស្មារតីនៃរដ្ឋធម្មនុញ្ញទេ គឺត្រូវបានបំពាន នឹងចំនុចទី១។​ ចំនុ​ច​ទី២ទៀ​ត បញ្ហាអយុត្តិធម៌សង្គម បានខ្លាចជាវិបត្តិធ្ងន់ធ្ងបំផុត ដែលវិបត្តិសង្គ​មនេះហើយដែ​លនាំឲ្យ​ប្រជា​​ពលរដ្ឋ គាត់លែងមានសេចក្តីទុកចិត្តទៅលើរដ្ឋាភិបាល ទៅលើមេដឹកនាំ ឬគាត់អាចសម្រេចចិត្ត ជ្រើ​ស​រើ​​​សមេដឹកនាំថ្មី អាចជំរុញឲ្យបង្កើននូវប្រព័ន្ធធានាយុត្តិធម៌សង្គមឡើងវិញ ដើម្បីឲ្យគាត់អា​ចទុកចិត្ត​នូវ​​កា​រ​ដឹកនាំថ្មី»។

លោក គឹម សុខ ដែលត្រូវបានរដ្ឋាភិបាលប្តឹងទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារនោះ ធ្លាប់វិភាគថា ប​ក្ស​​​កាន់អំណាច ពេលនេះ ហាក់បានដើរដល់ផ្លូវបំបែកមួយ ដែលលោកវិភាគថា នឹងមិនត្រៀមខ្លួន ការ​ពា​រ​អំណាច តាមរយៈការ​ឈ្នះ​ឆ្នោ​​តមួយ ដោយ​សេ​រី ត្រឹមត្រូវ ​និងយុត្តិធម៌ នៅពេលខាងមុខឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ