ទីប្រឹក្សា​សន្តិសុខ​ជាតិ​​លោក ត្រាំ លា​លែង​ជុំ​វិញ​ការ​លេច​ធ្លាយ​កិច្ច​សន្ទនា​ជាមួយ​មន្ត្រី​រុស្ស៊ី

លោក Michael Flynn ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​លា​លែង​ពី​តំណែង​នៅ​ល្ងាច​ថ្ងៃ​នេះ បន្ទាប់​ពី​មាន​ការ​ទម្លាយ​ថា លោក​បាន​បាន​ជជែក​គ្នា​​ជាមួយ​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អាមេរិក អំពី​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ប្រទេស​រុស្ស៊ី មុន​នឹង​លោក ត្រាំ ចូល​កាន់​តំណែង​ជា​ផ្លូវការ និង​នាំ​ឲ្យ​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence យល់​ខុស​អំពី​កិច្ច​សន្ទនា​នោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​លា​លែង​របស់លោក Flynn បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​ថា ក្រសួង​យុត្តិធម៌ បាន​ព្រមាន​សេតវិមាន​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​ថថា លោក Flynn អាច​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​​នៃ​ការ​ចាប់​បង្ខំ ដោយសារ​តែ​ការ​ទាក់​ទង​ជាមួយ​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី លោក Sergey Kislyak មុន​នឹង​លោក ត្រាំ ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​២០ ខែម​ករា​កន្លង​មក​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ចុះ​ផ្សាយ​ថា អាណត្តិ​របស់​លោក Flynn ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ ត្រូវ​បាន​គេ​និយាយ មាន​រយៈ​ពេល​ខ្លី​បំផុត​មិន​ធ្លាប់​មាន។

ការ​ចាក​ចេញ​របស់​ទីប្រឹក្សា​រូប​នេះ អាច​បង្អាក់​ដំណើរ​របស់​លោក ត្រាំ ដែល​មាន​បំណង​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។

លោក Flynn បាន​បញ្ជូន​ពាក្យ​លាលែង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក ត្រាំ បាន​បដិសេធ​ថ្លែង​គាំ​ទ្រ​លោក Flynn ជា​សាធារណៈ ដោយថា លោក​នឹង​ពិនិត្យ​មើល​ស្ថានការណ៍ និង​ជជែក​ជាមួយ​លោក Pence។

លោក Flyn បាន​សន្យា​នឹង​លោក Pence ថា លោក​មិន​ជជែក​រឿង​ទណ្ឌកម្ម​របស់​អាមេរិក​ជាមួយ​នឹង​រុស្ស៊ី​នោះ​ឡើយ ប៉ុន្តែ សារ​ដែល​គេ​ចាប់​បាន​នោះ បង្ហាញ​ថា ប្រធាន​បទ​នេះ​បាន​លេច​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​រវាង​រូប​លោក និង​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ