អ្នក​នេសាទ​វៀតណាម​វាយ​ដំ​ប្រជា​នេសាទ​ខ្មែរ​ពីរ​នាក់​រង​របួស​នៅ​លើ​បឹង​ទន្លេសាប

ទូក​នេសាទ​វៀតណាម​(រូបថត៖ បូ សាវី)

សហគមន៍នេសាទខ្មែរ​ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឲ្យដឹងថា អ្នកនេសាទខ្មែរពីររូបបានរងរបួស នៅយប់ថ្ងៃសៅរ៍​​ទី០៤ ខែមីនានេះ​ ដោយសារជនជាតិវៀតណាមបើកដេញបុក និងវាយ​នៅលើបឹងទន្លេសាប ។

អ្នកនេសាទខ្មែរនៅភូមិបណ្ដែតទី៥ លោក រី ទូច​ ប្រាប់វីអូឌី​នៅថ្ងៃសៅរ៍នេះថា ប្រជា​នេសាទ​ឈ្មោះ ស សំអុន និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានរងរបួសស្រាល ដោយសារអ្នកនេសាទជនជាតិវៀតណាមជាង ១០នាក់ បើកទូកដេញវាយពួកគេ កាល​ពីម៉ោង ១រំលងអាធ្រាត្រថ្ងៃទី០៤នេះ។

លោកបន្ដថា អំពើ​ហិង្សា​នេះ បាន​កើត​ឡើង​បន្ទាប់ពីជនរងគ្រោះ និង​ប្រជាសហគមន៍នេសាទខ្មែរ បាននាំគ្នាចាប់ទូកនេសាទជនជាតិវៀតណាម ដែលលោកថា ជនបរទេសនោះ ប្រើទូកនេសាទខុសច្បាប់ចំនួន ៣គ្រឿងនិងមួយគ្រឿងទៀតរត់គេចខ្លួន នៅក្នុងបឹងទន្លេសាប។

សមាជិកសហគមន៍ដែលរងការវាយដំ លោក ស សំអុន ឲ្យដឹងថា នៅពេលជនជាតិវៀតណាមរត់គេចខ្លួនរួចមក ស្រាប់តែ​លេចមុខជនជាតិវៀតណាមជាង ១០នាក់ផ្សេងទៀត។ ពួកគេបើកទូកដេញបុក និងវាយពល​រដ្ឋខ្មែរ បណ្ដាលឲ្យរងរបួសពីរនាក់តែម្ដង។ លោកបន្ដថា ពួកគាត់ដាក់ពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធរួច​ហើយ ប៉ុន្ដែ មិនសង្ឃឹមទទួលបានយុត្ដិធម៌នោះទេ។

VOD មិនទាន់អាចទាក់ទងចៅសង្កាត់ចុងឃ្នៀង លោក ឯម ម៉ាន និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីសុំការសាកសួរ បាននៅឡើយទេ។

កាលពីឆ្នាំ២០១៥កន្លងមក អ្នកនេសាទខ្មែរប្រមាណ ៨នាក់ នៅបឹងទន្លេសាប ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក៏​ត្រូវ​បាន​ជន​ជាតិ​វៀតណាម​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បណ្ដាល​ឲ្យ​រង​របួសផ​ង​ដែរ ខណៈពលរដ្ឋខ្មែរចាប់ទូកនេសាទវៀតណាមខុសច្បាប់នៅក្នុងបឹងទន្លេសាប ប៉ុន្ដែ មកដល់ពេលនេះដំណោះស្រាយមិនទាន់មាននៅឡើយ ខណៈជនប្រព្រឹត្ត​ជាជន​ជាតិ​វៀតណាម ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ