ក្រសួងយុត្តិធម៌នឹងស៊ើបអង្កេតករណីអនុប្រធានតុលាការយកកំាភ្លើងភ្ជង់ក្បាលក្រឡាបញ្ជី

អនុប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺលោក ម៉ែន វណ្ណៈ និងក្រឡា​បញ្ជីលោក ឈៀវ គឹមហាក់ (វេបសាយ)

ក្រសួងយុត្តិធម៌បាន​ចាត់ក្រុមអធិការកិច្ច ចុះស៊ើបអង្កេតករណីអនុប្រធានសាលាដំបូង​ខេត្តកំពង់ស្ពឺ ដែល​គេ​ថា ​បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល និង​​យក​ឈើច្រត់​ក្រឡាបញ្ជីជនពិការនៅខេត្តនេះ ទៅបោះចោល​ ដោយ​ខឹង​នឹង​​ជនពិការរូបនោះ ​​មិន​ព្រម​ផឹកស្រាតាមការបញ្ជារបស់ខ្លួន​។

កាលពីថ្ងៃ០៩ មីនា ឆ្នាំ​២០​១៧ ​​ក្រឡា​បញ្ជីដែលពិការភាពជើង​ឈ្មោះ ឈៀវ គឹមហាក់ បានប្តឹងទៅក្រសួងយុត្តិធម៌ ដែលមាន​ខ្លឹមសារថា «អនុប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺឈ្មោះ ម៉ែន វណ្ណៈ បាន​​យក​កាំភ្លើង​ភ្ជង់​ក្បាល​លោក និងបានបង្ខំ​ឲ្យ​ពិសា​ស្រាបៀ​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​២០១៦ ហើយ​នៅ​ថ្ងៃ​ទី​៦ មីនា អនុប្រធាន​សាលា​ដំបូង​រូប​នេះ បាន​យក​ឈើច្រត់​របស់​គាត់​គ្រវាត់​ចោល​ថែម​ទៀត»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព មានប្រសាសន៍ថា ក្រោយពី​ទទួល​បាន​ពាក្យ​​បណ្តឹង​របស់​ជនពិការរូបនោះ លោកថា ​​នៅថ្ងៃសុក្រទី១០មីនានេះ ​ក្រុមអធិការកិច្ចឧត្តម​ក្រុមប្រឹក្សានៃ​​អង្គចៅ​ក្រមនិង​ចុះ​​​ស្រាវ​​ជ្រាវ​និងស៊ើបអង្កេតករណីនេះដោយថា បើរកឃើញភាពមិនប្រក្រតី ដូចការចោទប្រកាន់នៅក្នុង​ពាក្យ​​​បណ្តឹង​​មែន អនុប្រធានតុលាការរូប​នោះ និងត្រូវឧត្តម​ក្រុមប្រឹក្សានៃ​​អង្គចៅក្រមធ្វើការវិន័យ ដោយ​មិនទាន់​​គិត​​ពីរឿ​ង​​ព្រហ្ម​ទណ្ឌ​។

​លោកនិយាយ​ថា៖ «ក្រុមប្រឹក្សាវិន័យ គឺពិនិត្យទៅលើវិន័យ បើសិនជាមានពាក់ព័​ន្ធទៅ​ដល់​បទ​ព្រហ្មទណ្ឌផ្សេងទៀត យើង​អនុវត្ត​តាម ក្រមព្រហ្មទណ្ឌផ្សេងទៀត មិនគិតសំណុំរឿង​ព្រហ្ម​ទណ្ឌ​ទេ ការពិន័យ»។

លោក គឹម សន្តិភាព ប្រាប់ទៅមន្ត្រីអនុវត្តច្បាប់ទំាងអស់ ជាពិសេសមន្ត្រីតុលាការត្រូវគោរពច្បាប់ និងមាន​ក្រមសីលធម៌ល្អ​ ដើម្បីជាគំរូសម្រាប់​សង្គមជាតិ។

នៅថ្ងៃទី១០មីនានេះ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឹលោក ម៉ែន វណ្ណៈ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដើម្បីសុំទោសលោក ឈៀវ គីមហាក់ ដោយថារាល់ទង្វើរបស់លោកចំពោះក្រឡាបញ្ជីជនពិការរូបនោះ គ្រាន់តែជាការលេងសើចក្នុងនាមជាមេ និងកូនចៅប៉ុណ្ណោះ។

សេចក្តីថ្លែងការមានខ្លឹមសារថា «កន្លងមកខ្ញុំលេងសើចជាមួយលោក ឈៀវ គីមហាក់ ជ្រុលហួសហេតុពេក ដែលបានយកឈើច្រត់ទៅក្រវែងចោល នាំឲ្យបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកចំពោះមុខមហាជន និងក្រុមការងារជាមួយគ្នាប៉ុន្មានដងហើយ ដោយខ្ញុំយល់ថា នេះជាការលេងសើចរវាងមេនិងកូនចៅតែប៉ុណ្ណោះ ខ្ញុំសុំទោសលោក ឈៀវ គីមហាក់ ជាសាធារណៈ ហើយសូមលោក ឈប់ខឹង និងប្រកាន់ខ្ញុំតទៅទៀត»។

យ៉ាងណាក៏ដោយ VOD មិន​អាចសុំការបំភ្លឺ​ពី​​ក្រឡាបញ្ជីជនពិការលោក ឈៀវ គឹមហាក់ បាន​ទេ​នៅថ្ងៃនេះ​។

ទោះ​ជា​យ៉ាង​ណា​ក្ដីនាយកប្រតិបត្តិអង្គការជនពិការកម្ពុជាលោក ងិន សៅរ័ត្ន បានចាត់​ទុក​សកម្មភាព​ដែលអនុប្រធានតុលាការ​លោក ម៉ែន វណ្ណៈ​​ យកឈើច្រត់របស់​ក្រឡាបញ្ជីជនពិការលោក ឈៀវ គឹម​ហាក់ បោះចោលនោះថា ​ជា​ការ​រើសអើងជនពិការ និងរំលោភច្បាប់ស្តីពីជនពិការផងដែរ​។

លោក​និយាយ​ថា៖ «បើយោងតាមច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិ​ជនពិការ គឺច្បាប់ គេការពារថា រើសអើងមក​លើជន​ពិការ ក្នុងករណី​ប្រសិន​ជា​​គាត់​យកឈើច្រត់របស់គាត់ ដែលគាត់ប្រើយកទៅបោះចោល​ជាការ​រើស​អើង ជាការ​ម៉ាក់​ងាយ​ដល់​រូប​គាត់​ដែលជាជនពិការ ច្បាប់យើងត្រូវបានគេហាមឃាត់មិនឲ្យមានការរើស​អើង​ ដល់ប​ង​ប្អូន​ជន​ពិការ​ទេ»។

ចំណែកមេធាវី សំ សុគង់ បានពន្យល់តាមនីតិវិធីច្បាប់ថា អនុប្រធានតុលាការ​ដែល​ប្រើអាវុធ​ភ្ជង់ក្បាលមន្ត្រីក្រឡាបញ្ជីជនពិការនោះ តាមច្បាប់អ្នកប្រើអាវុធខុសច្បាប់ និងខុសក្រមសីលធម៌របស់​តុលា​ការ។ លោកបញ្ជាក់​ថា ករណីនេះ បើក្រុមអធិការកិច្ចមិនចាត់វិធានការច្បាប់ដាក់​ទោសទណ្ឌ​ដល់​បុគ្គល​នោះ​ទេ និង​ធ្វើ​ឲ្យប្រជាពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកមាន​ប្រសាសន៍​ថា៖«បើធ្វើ​ទៅមិន​មាន​វិធានការ​ ឬក៏ចាត់វិធានការណាមួយ ជាមួយចៅក្រម ឬមួយព្រះរាជអាជ្ញាណាដែលគាត់ប្រព្រឹត្តមិន​ត្រឹមត្រូវ ខ្ញុំគិតថាវាធ្វើឲ្យប្រជាពលរដ្ឋទំាងអស់ ឬក៏អ្នកដែលមានរឿងក្តី ក្តាំនៅតុលាការ អស់ជំ​នឿ​លើ​ស្ថាប័នតុលាការ ធ្វើឲ្យមន្ត្រីតុលាការ ចៅក្រម ព្រះរាជអាជ្ញាកាន់តែមិនខ្លាចការប្រព្រឹត្ត ហើយ​មិនគោរព​ច្បាប់ ហើយធ្វើអ្វីស្រែកតែអំពើចិត្ត»។

ទំាងមេធាវី និងមន្ត្រីផ្នែកជនពិការ បានអះអាងប្រហាក់ប្រហែលគ្នាថា អំពើគំរាមកំហែងដោយអាវុធ និងយកឈើច្រត់ជនពិការបោះចោល ជាការរំលោភលើច្បាប់ស្តីពីជនពិការ និងក្រមព្រហ្មទណ្ឌ​។

ករណីនេះពួកគេថា​ ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​យុត្តិធម៌ និងឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គចៅ​ក្រមមិនត្រូវ​មើលរំលង និងមិនត្រូវឲ្យ​ផុតពី​សំណាញ់​ច្បាប់​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ