អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានហៅការចាក់បញ្ចាំងវីដេអូឃាតកម្មលើលោក កែម ឡី របស់ក្រុមយុវជននៅថ្ងៃនេះ ជាយុទ្ធនាការដែលអាចញុះញង់សាធារណជន ឲ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ ខណៈដែលអ្នកឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា សកម្មភាពនោះពុំបានល្មើសច្បាប់នោះឡើយ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា លោក មួង សូនី បានប្រាប់វីអូឌីថា ក្រុមយុវជនរបស់លោក ត្រូវចាក់បញ្ចាំងវីដេអូស៊ើបអង្កេតលើឃាតកម្មលោក កែម ឡី នៅរសៀលថ្ងៃនេះ នៅក្នុងការិយាល័យសមាគមរបស់លោក។
យុវជនរូបនេះ បានអះអាងថា ចៅសង្កាត់ទួលសង្កែ លោក សយ កុសល បានប្រាប់ឲ្យសុំច្បាប់អនុញ្ញាតជាមុនសិន មុននឹងចាក់បញ្ចាំងវីដេអូនោះ ប៉ុន្តែ លោករក្សាជំហរចាក់បញ្ចាំងវីដេអូនោះ ដោយមិនសុំច្បាប់នោះឡើយ ដោយថា ការបញ្ចាំងវីដេអូនោះ ធ្វើឡើងក្នុងការិយាល័យ មិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ប្រធានផ្នែកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត ក៏បានមើលឃើញថា ការចាក់បញ្ចាំងវីដេអូនោះ មិនចាំបាច់សុំច្បាប់អនុញ្ញាតនោះឡើយ ដោយលោកថា គ្មានច្បាប់ណាហាមឃាត់ការចាក់បញ្ចាំងខ្សែវីដេអូនៅតាមទីស្នាក់ការ ឬផ្ទះឯកជននោះឡើយ។
លោកប្រាប់ថា៖“វាជារឿងធម្មតាទៅហើយនៅពេលដែលរឿងរសើបណាមួយត្រូវបានគេរំលឹកហ្នឹង អាជ្ញាធរហាក់បីដូចជាមានការភ័យខ្លាច។ យើងឃើញសូម្បីតែគេបញ្ជាំងនៅទីឯងជនរបស់គេ ក៏តម្រូវឱ្យមានច្បាប់ទម្លាប់ដែរ”។
ផ្ទុយទៅវិញ នៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃនេះ លោក ផៃ ស៊ីផាន បានហៅសកម្មភាពរបស់ក្រុមយុវជនទាំងនោះថា ជាការញុះញង់ និងជំរុញឲ្យមហាជនបាត់ជំនឿងលើសេចក្ដីសម្រេចរបស់តុលាការ ខណៈដែលសំណុំរឿងឃាតកម្មលោក កែម ឡី ស្ថិតក្នុងដំណាក់កាលនីតិវិធីរបស់សមត្ថកិច្ច។
លោកបញ្ជាក់ថា៖ “ការហាមឃាត់នេះ គឺអាស្រ័យដោយយុទ្ធនាការនោះ មានលទ្ធភាពបង្ក ឬញុះញង់ ធ្វើឲ្យសាធារណជនបាត់បង់ជំនឿលើសេចក្ដីសម្រេច ឬកិច្ចការងារនៃដែនសមត្ចកិច្ចរបស់តុលាការ ដែលកំពុងបន្តនីតិវិធី ដូចបានចែងយ៉ាងច្បាស់នៅមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ”។
រហូតមកដល់រសៀលថ្ងៃនេះ យុវជន ៤នាក់ ក្នុងនោះមានទាំងលោក មួង សូនី ផងដែរ ត្រូវបានសមត្ថកិច្ចចម្រុះក្នុងខណ្ឌឫស្សីកែវ ឃាត់ខ្លួន និងសួរនាំនៅឯសាលាសង្កាត់ទួលសង្កែ បន្ទាប់ពីពួកគេជួបជុំគ្នាមើលវីដេអូនោះ។
វីដេអូស៊ើបអង្កេតមានចំណងជើងថា “Cambodia’s Deadly Politics” ឬប្រែជាភាសាខ្មែរថា “នយោបាយប្រឡាក់ឈាមរបស់កម្ពុជា” ដែលមានរយៈពេលជាង ២៦នាទី ត្រូវបានផលិតឡើងដោយទូរទស្សន៍ដ៏ល្បីល្បាញ Al Jazeera របស់អារ៉ាប់ និងចាក់ផ្សាយកាលពីខែមករា ឆ្នាំ២០១៧នេះ។
ខ្សែវីដេអូនោះ បានស៊ើបអង្កេតទៅលើឃាតកម្មដ៏គួរឲ្យសង្ស័យលើលោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញម្នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែស នៅក្នុងម៉ាតស្ថិតក្នុងការ៉ាស់សាំងកាល់តិច ម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំមុន៕











