អ្នកជាប់ឃុំថា មានតែប្រទេសផ្ដាច់ការទេដែលចាប់អ្នកការពារសិទ្ធិមនុស្សដាក់គុក

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

មន្ត្រីការពារសិទ្ធិមនុស្សអាដហុកដែលកំពុងជាប់នៅពន្ធនាគារ អះអាងថា​ មានតែប្រទេសផ្ដាច់ការប៉ុណ្ណោះ ដែលចាប់មន្ត្រីការពារសិទ្ធិមនុស្សដាក់គុកនោះ។

នេះជាការលើកឡើងរបស់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ដែលត្រូវបានឆ្មាំពន្ធនាគារនាំមកស្តាប់ការ​ប្រកាសសាលដីកាសុំនៅក្រៅឃុំនៅព្រឹកនេះ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសសាលដីកា ដោយសម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឲ្យមន្ត្រីការពាសិទ្ធិមនុស្សទាំង៤រូប ដោយសំអាងថាបណ្ដឹងនោះមិនមានមូលហេតុត្រឹមត្រូវ។

ថ្លៃងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីស្ដាប់ការប្រកាសាលដីកានេះ លោក យី សុខសាន្ត លើកឡើងថា កន្លងមកប្រជាពលរដ្ឋបានចោទតុលាការថា មិនឯករាជ្យនោះ ពិតជាត្រឹមត្រូវ ដោយថា ការសម្រេចរបស់តុលាការធ្វើឡើងក្រោមឥទ្ធិពលនយោបាយ។ លោកថា ការចាប់មន្ត្រីការពារសិទ្ធិមនុស្សដាក់គុកនោះ គឺមានតែប្រទេសផ្ដាច់ការតែប៉ុណ្ណោះ។

លោកថា«យើងថាតុលាការសព្វថ្ងៃជាតុលាការដែលគេចោទថា តេឡេកាម៉ង់មែនហ្នឹង ដោយសារគាត់ធ្វើស្អីៗមួយគាត់មិនដែលហានសម្រេចដោយឆន្ទះរបស់គាត់ទេ ហើយគាត់នៅចាត់ទុកថា ពួកយើងដែលធ្វើការងារសិទ្ធិមនុស្សហ្នឹង ដូចប្រឆាំងជាមួយគាត់ចឹង។ ខ្ញុំសូមបញ្ជាក់ថា មានតែប្រទេសផ្ដាច់ការ ឬ កុម្មុយនីសទេ ដែលគេចាប់ពួកសិទ្ធិមនុស្សដាក់ពន្ធនាគារនោះ ក្រៅពីនឹងពួកសិទ្ធិមនុស្សជួយធ្វើការងារឲ្យរាជរដ្ឋាភិបាល ដើម្បីឲ្យរាជរដ្ឋាភិបាលមានមុខ ស្មើរមុខមាត់គេ ស្របច្បាប់ទៅនឹងពិភពលោក»។

មេធាវីការពារក្ដីឲ្យមន្ត្រីសិទ្ធិមនុស្សទាំងនោះ គឺ លោក ឡោ ជុនធី ចាត់ទុកការសម្រេចរបស់តុលាការកំពូលថា មិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់លោក។

លោកថា«យើងអត់មានអីក្រៅអីនីតិវិធីដែលបើកឲ្យយើងប្ដឹង សុំបន្តទៀត គឺពាក់ព័ន្ធការក្រៅឃុំអីហ្នឹងបន្តទៀត យើងបានប្ដឹងសាទុកមួយទៀតហើយរឿងក្រៅឃុំ»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ដែលបានដានរឿងនេះ សម្ដែងការសោកស្ដាយចំពោះការបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស បន្តទៀត ដោយលោកអះអាងថា អ្នកនយោបាយនៅតែបន្តយកសង្គមស៊ីវិលធ្វើជាចំណាត់ខ្មាំងមិនបានជំរុញយុត្តិធម៌សង្គម និងលើកស្ទួយសិទ្ធិមនុស្ស។ លោកថា«យើងសង្ឃឹមថា នៅថ្ងៃណាមួយអ្នកនយោបាយគិតគួរគ្នាតាមផ្នែកនយោបាយ ហើយទុកឲ្យមន្ត្រីសិទ្ធិមនុស្សទាំង ៤ នាក់នេះ និងលោក នី ចរិយា ដែលជាអគ្គលេខាធិការរង គ.ជ.ប មានសិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់ខ្លួនជាបន្តទៀត»។

មន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។

អ្នកទាំង៥រូបនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿង ខុម ចាន់តារាទី ហៅ “ស្រីមុំ” ដែលត្រូវគេទម្លាយថាមានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ