សភាអង់គ្លេស នៅថ្ងៃនេះ បានផ្ដល់ការឯកភាពទៅលើនាយករដ្ឋមន្ត្រី អ្នកស្រី Theresa May ឲ្យចាប់ផ្ដើមដកខ្លួនចេញពីសហភាពអឺរ៉ុប ខណៈដែលដែនដីស្កុតលែន បានជំទាស់ទៅនឹងផែនការចាកចេញនេះ ដោយបានប្រកាសពីផែនការបោះឆ្នោតប្រជាមតិដើម្បីឯករាជ្យជាថ្មីម្ដងទៀត។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
សភាអង់គ្លេស បានច្រានចោលការប៉ុនប៉ងកែប្រែច្បាប់នោះ ដែលផ្ដល់អំណាចដល់អ្នកស្រី May ឲ្យចាប់ផ្ដើមផែនការចាកចេញពីសហភាពអឺរ៉ុប។
បន្ទាប់មក នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី May អាចដំណើរការមាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុងលីស្បោនរបស់សហភាពអឺរ៉ុប នៅពេលណាមួយក៏បាន ដោយចាប់ផ្ដើមការចរចារយៈពេល ២ឆ្នាំ ដើម្បីធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងដែលចាកចេញពីប្លុកមួយនេះ។
អ្នកនាំពាក្យអ្នកស្រី May បានព្យាយាមបង្វែនូវមន្ទិលសង្ស័យមួយថា អ្នកស្រី May នឹងបញ្ជូនសេចក្ដីជូនដំណឹងទៅក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃស្អែកនេះ នៅពេលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថា ទទួលបានការយល់ព្រមពីព្រះមហាក្សត្រីយ៍ Elizabeth ទីពីរ។
ខណៈដែលអង់គ្លេសកំពុងត្រៀមចាកចេញពីអង់គ្លេសនោះ ដែនដីស្កុតលែនឯណោះវិញ បានព្យាយាមបំបែកចេញពីអង់គ្លេស ដោយសារពលរដ្ឋស្កុតលែនភាគច្រើន ជំទាស់នឹងផែនការចាកចេញពីសហភាពអឺរ៉ុប៕









