ក្រុម​សិទ្ធិ​មនុស្ស​ថា ថៃ​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ក្ដី​បារម្ភ​ផ្នែក​សិទ្ធិ​មនុស្ស

ក្រុម​សិទ្ធិ​មនុស្ស បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ប្រទេស​ថៃ​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ក្ដី​បារម្ភ​ពី​អន្តរជាតិ អំពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​យោធា ដើម្បី​រក្សា​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ នៅ​ឯ​កម្មវិធី​ត្រួត​ពិនិត្យ​មួយ​ នៅ​ទីក្រុង​ហ្សឺណែវ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​យោធា​ថៃ បាន​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​បញ្ចប់​ចលាចល​នយោបាយ​អស់​រយៈ​ពេល​ជាង ១​ទសវត្សរ៍។ ពួក​យោធា​និយាយ​ថា វិធានការ​តឹងរឹង គឺ​ជា​រឿង​ចាំ​បាច់​ដើម្បី​ធានា​ស្ថេរភាព និង​សណ្ដាប់​ធ្នាប់ ហើយ​មាន​បំណង​បង្ក្រាប​អ្នក​ទាំង​ឡាយ​ដែល​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​ស្នើ​ទៅ​ប្រទេស​ថៃ ឲ្យ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ស្រប​នឹង​អនុ​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ស៊ីវិល និង​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ប្រចាំ​កាល​ពី​ថ្ងៃចន្ទ និង​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។

លោក ស៊ូណៃ ផាសុក អ្នក​ស្រាវជ្រាវនៃ​អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា ប៉ុន្តែ ក្រុម​ប្រតិភូ​ថៃ ដែលមាន​មន្ត្រី​ចំនួន ៤៦​រូប និង​ជា​ក្រុម​ប្រតិភូ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នេះ ពុំ​អាច​បក​ស្រាយ​ដោយ​ផ្ទាល់​អំពី​ក្ដី​បារម្ភ​មួយ​ចំនួន​របស់​ក្រុម​សិទ្ធិ​មនុស្ស​នោះ​ឡើយ។

លោក​ប្រាប់​ថា ថៃ​បរាជ័យ​ក្នុង​ការ​បង្ហាញ​ពីការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​កាតព្វកិច្ច​ខាង​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ។ លោក​ថា គេ​ផ្ដោត​ទៅ​លើ​សកម្មភាព ជាជាង​ការ​បក​ស្រាយ​ពី​ក្ដី​បារម្ភ​នោះ។

លោក Kingsley Abbott ទីប្រឹក្សា​ច្បាប់​អន្តរជាតិ​ជាន់​ខ្ពស់នៃ​គណៈកម្មការ​​អ្នក​ច្បាប់​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​និយាយ​ថា ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ពី​មាត្រា ៤៤ ដែល​ផ្ដល់​អំណាច​ដល់​មេដឹកនាំ​យោធា និង​នាយករដ្ឋ​មន្ត្រី ប្រាយុទ្ធ ចាន់អូចា ឲ្យចេញ​ច្បាប់​ណា​មួយ​សម្រាប់​សន្តិសុខ​ជាតិ ច្បាប់​បរិហា​កេរ្តិ៍​រាជ​វង្ស និង​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ