ក្រុម​អ្នក​កាទូត​ថា ចិន និង​រុស្ស៊ី​រាំង​ខ្ទប់​មិន​ឲ្យ UN ចេញ​សេចក្ដី​ថ្លែងការណ៍​បរិហារ​អំពើ​ហិង្សា​នៅ​ភូមា

កាក​សំណល់​នៃ​ការ​ដុត​កម្ទេចផ្ទះសម្បែងរបស់​ជនមូស្លីមរ៉ូហ៊ីងយ៉ា​(រូបភាពពី​ទីភ្នាក់​ងារ​ Reuters)

ប្រទេស​ចិន ដែល​គាំ​ទ្រ​ដោយ​រុស្ស៊ី បាន​រាំង​ខ្ទប់​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ស្ថាប័ន​ដែល​មាន​ប្រទេស​១៥​ជា​សមាជិក​នេះ បាន​ជួប​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នៅ​រដ្ឋ​រ៉ាក់ឃីន ជា​ទីដែល​យោធា​ភូមា​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​ខាង​សន្តិសុខ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​របស់​ក្រុម​អ្នក​កាទូត។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ខែ​មុន បាន​ចោទ​ពួកយោធា​ភូមា​ថា បាន​សម្លាប់​មនុស្ស​ទ្រង់​ទ្រាយ​ធំ និង​រំលោភ​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា ព្រម​ទាំង​ដុត​កម្ទេច​ផ្ទះ​សម្បែង​របស់​ពួកគេ ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន នៅ​ក្នុង​ប្រតិបត្តិការ​មួយ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បោស​សម្អាត​ជាតិ​សាសន៍។

ប្រមុខ​កិច្ចការ​នយោបាយ​អង្គការ​សហ​ប្រជាជាតិ លោក Jeffrey Feltman បាន​ថ្លែង​យ៉ាង​ខ្លី​អំពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​របស់​ក្រុម​ប្រឹក្សា​នោះ បន្ទាប់​ពី​អង់គ្លេស​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​នោះ។

អគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ លោក Matthew Rycroft បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​អង់គ្លេស​ ពិត​ជា​បាន​ស្នើ​បែប​នេះ ប៉ុន្តែ ពុំ​មាន​សំឡេង​រួម​នោះ​ឡើយ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ