ចិនត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសមានចំនួនមហាសេដ្ឋីថ្មីៗច្រើនជាងគេបំផុត ដែលបានជាប់ក្នុងបញ្ជីមហាសេដ្ឋីប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Forbe ដោយប្រទេសនេះមានមហាសេដ្ឋីថ្មីដល់ទៅ ៧៦នាក់។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានដកស្រង់ការចុះផ្សាយរបស់ទស្សនាអាមេរិកមួយនេះ។
មហាសេដ្ឋីដល់ទៅ ២០៤៣នាក់ បានជាប់នៅក្នុងបញ្ជីប្រចាំឆ្នាំនេះ ដោយបានកើនឡើងដល់ទៅ ២៣៣នាក់ បើធៀបនឹងចំនួននៅឆ្នាំ២០១៦កន្លងមក ពោលគឺជាចំនួនដែលបានហក់ស្ទុះឡើងធំបំផុតនៅក្នុងរយៈពេល ៣១ឆ្នាំចុងក្រោយនេះ។
ទស្សនាវដ្ដីនេះ បានផ្សាយបន្តថា មហាសេដ្ឋីទាំងនោះ កាន់កាប់ទ្រព្យសម្បត្តិសរុបដល់ទៅ ៧.៦៧ទ្រីលានដុល្លារ ពោលគឺបានកើនឡើងពីចំនួន ៦.៤៨ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០១៦កន្លងមក។
មហាសេដ្ឋីលំដាប់ទីមួយនៅតែមិនប្រែប្រួលដដែល ដោយបានទៅលើស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលបានកាន់កាប់ចំណាត់ថ្នាក់ទី ១ អស់រយៈពេល ៤ឆ្នាំជាប់ៗគ្នាមកហើយ និងមានទ្រព្យសម្បត្តិដល់ទៅ ៨៦ពាន់លានដុល្លារ ខណៈលោក Warren Buffett ស្ថិតនៅលំដាប់ទីពីរ មានទ្រព្យសម្បត្តិ ៧៥.៦ពាន់លានដុល្លារ។
ប៉ុន្តែ ខណៈដែលអាមេរិកបន្តកាន់តំណែងជាប្រទេសមួយដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេបំផុតដល់ទៅ ៥៦៥នាក់នោះ ប្រទេសចិនឯណោះវិញ កំពុងតាមប្រដេញពីក្រោយដោយមានមហាសេដ្ឋីដល់ទៅ ៣១៩នាក់៕









