អ្នកស្រី Ivanka Trump ដែលជាកូនស្រីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលបានការិយាល័យមួយស្ថិតនៅស្លាបខាងលិចនៃសេតវិមាន ដែលនេះគឺជាការបង្កើនតួនាទីកាន់តែខ្ពស់ថែមទៀត ក្នុងការជួយផ្ដល់មតិយោបល់ដល់ឪពុករបស់អ្នកស្រី។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
មន្ត្រីសេតវិមានម្នាក់ បានបញ្ជាក់នៅថ្ងៃនេះថា កូនស្រីលោក ត្រាំ វ័យ ៣៥ឆ្នាំនឹងទទួលបានការិយាល័យមួយ ស្ថិតនៅស្លាបខាងលិច ព្រមទាំងអាចចូលទៅប្រើប្រាស់ព័ត៌មានផ្សេងៗ និងទូរស័ព្ទរបស់រដ្ឋាភិបាលផងដែរ។
អ្នកស្រី Ivanka មិនត្រូវបានគេរំពឹងថានឹងទទួលបានតួនាទី និងប្រាក់បៀវត្សរ៍នោះឡើយ។
អ្នកស្រី Ivanka នឹងចូលរួមជាមួយស្វាមីរបស់អ្នកស្រី គឺលោក Jared Kushner ដែលកំពុងកាន់តំណែងជាប្រធានទីប្រឹក្សាប្រធានាធិបតី និងតែងតែមានវត្តមានជាមួយលោក ត្រាំ ជាឪពុកក្មេក ជាប់ជានិច្ច៕









