ប្រេសិតពិសេសកូរ៉េខាងជើង បានថ្លែងថា ក្រុងព្យុងយ៉ាងគ្មានអ្វីត្រូវខ្លាចទណ្ឌកម្មបន្ថែមទៀតពីអាមេរិកនោះឡើយ ចំពេលដែលប្រទេសនេះបានកាត់ផ្ដាច់ខ្លួនចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល និងព្យាយាមជំរុញកម្មវិធីផលិតគ្រាប់មីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ឆូ ម្យុងណាម អគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ។
កាលពីថ្ងៃម្សិលមិញនេះ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងពិចារណាលើការផ្លាស់ប្ដូរទណ្ឌកម្មលើកូរ៉េខាងជើង ជាផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញលើវិធានការនានា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងវាយប្រហារដោយគ្រាប់មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក ឆូ បានប្រតិកម្មតបវិញថា ជំហរព្រមានវាយប្រហាររបស់ក្រុងព្យុងយ៉ាង បានកើតចេញពីដំណើររទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន នាពេលថ្មីៗនេះ។
លោក ឆូ លើកឡើងទៀតថា បើទោះជាមានការផ្លាស់ប្ដូរប្រព័ន្ធហិរញ្ញវត្ថុសកលក៏ដោយ បញ្ហានេះ គឺជាផ្នែកមួយនៃប្រព័ន្ធរបស់ពួកគេ ដែលនឹងគ្មានអ្វីភ្ញាក់ផ្អើលដល់កូរ៉េខាងជើង ឬមានអ្វីខុសប្លែកនោះឡើយ៕









