សកម្មជនដីធ្លីនៅតំបន់បឹងកក់ នៅថ្ងៃព្រហស្បតិ៍នេះ រកកិច្ចអន្តរាគមន៍ជាថ្មីទៀតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យសុំដោះលែងតំណាងពួកគេគឺ អ្នកស្រី ទេព វន្នី នៅពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
តំណាងសគមន៍បឹងកកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិថា ពួកគាត់បានដាក់ញត្តិមកខុទ្ទកាល័យលោកនាយកមន្ត្រី ដោយសារលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីលោកមានអំណាចជាងស្ថាប័នផ្សេងៗ ដែលពួកគេថាអាចជួយឲ្យអ្នកស្រី ទេព វន្នី មានសេរីភាពវិញ។ អ្នកស្រីបន្តថា នេះជាញត្តិលើកទី៥ហើយ ដែលពួកគាត់ដាក់ទៅខុទ្ទកាល័យលោកនាយកមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យដោះលែងអ្នកស្រី ទេព វន្នី។
មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី គឺលោក គង់ ចំរើន ដែលបានទទួលយកញត្តិពីអ្នកភូមិ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីអាចស្នើលើកលែងទោសបាន ទាល់តែសាលក្រមតុលាការចូលជាស្ថាពរ។
ក៏ប៉ុន្តែអ្នកស្រី ប៊ូវ សោភា លើកឡើងថា ប្រសិនបើសាលក្រមតុលាការចូលជាស្ថារពនោះ អ្នកស្រី ទេព វន្នី ត្រូវជាប់ពន្ធនាគារជាង២ឆ្នាំ។
ក្នុងខ្លឹមសារញ្ញត្តិរបស់ពលរដ្ឋបឹងកក់នៅថ្ងៃនេះ គឺសុំឲ្យលោកនាយករដ្ឋមន្រ្តីជួយអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ បើគិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ អ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារជាង៦ខែមកហើយ។
កាលពីថ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញ៕









