គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី “ឧបាស្រ័យពាណិជ្ជកម្ម” ដែលរដ្ឋាភិបាលអះអាងថា បង្កើតច្បាប់នេះឡើង ដើម្បីផ្តល់ទំនុកចិត្តនិង ការពារដល់អ្នកវិនិយោគ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី សរសេរនៅលើហ្វេសប៊ុករបស់លោកថា នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីផ្សេងទៀត កំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម។ លោកបន្តថា ការបង្កើតច្បាប់នេះ ដើម្បីការពារដល់ផលិតកម្មនិងឧស្សាហកម្មកម្ពុជា ពីផលប៉ះពាល់នៃការលក់បន្ទាបថ្លៃខុសប្រក្រតី។
លោក ផៃ ស៊ីផាន បន្តទៀតថា ការបង្កើតច្បាប់នេះអាចផ្តល់ទំនុកចិត្តនិងធ្វើជាខែលការពារអ្នកវិនិយោគទាំងក្នុងស្រុកនិងបរទេស។
ពេលចូលរួមប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងប្រទេសស្វីស កាលពីខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអ្នកវិនិយោគបរទេស មកបណ្តាក់ទុននៅកម្ពុជាដោយលោកបង្ហាញថា កម្ពុជាមាន ហេរដ្ឋារចនាសម្ព័ន្ធនិងច្បាប់គ្រប់គ្រាន់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកវិនិយោគ៕









