រដ្ឋាភិបាលបានចាត់តំាងតំណាងម្នាក់ឲ្យជួបជាមួយមន្ត្រីបក្សប្រឆំាងនៅចុងខែមីនានេះ ដោយថាដើម្បីជជែកពីរឿងធ្វើសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់បក្សខុសលក្ខន្តិកៈ។
ការចាត់តាំងតំណាងនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិស្នើទៅក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី២៣ខែមីនាម្សិលមិញ ឲ្យពន្យល់អំពីការរៀបចំសមាជរបស់ខ្លួនកាលពីដើមខែមីនាដោយក្រសួងមហាផ្ទៃថា សមាជរបស់គណបក្សសង្រ្គោះជាតិជ្រើសរើសប្រធាននិងអនុប្រធានថ្មីខុសលក្ខន្តិកៈ គណបក្សត្រង់ប្រការ៤៧។
ទោះជាយ៉ាងណាក្រសួងមហាផ្ទៃមិនបានបញ្ជាក់ថា គណបក្សប្រឆាំងគួរកែសម្រួលបែបណាទើបអាចឲ្យក្រសួងសាមីមួយនេះ ផ្តល់សុពលភាពដល់ក្បាលម៉ាស៊ីនដឹកថ្មីនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ឲ្យVODដឹងថានៅថ្ងៃទី២៤មីនានេះថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចាលិខិតមួយចាត់តំណាងលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ ដើម្បីជួបពិភាក្សាគ្នារឿងសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់បក្សប្រឆាំង នៅរសៀលថ្ងៃទី២៩ខែមីនាខាងមុខនេះ។
លោកថ្លែងថា ជំនួបនោះមានតែមន្ត្រីបច្ចេកទេស និងមិនមានជជែកគ្នា ក្នុងក្របខណ្ឌនយោបាយនោះទេ។
លោកនិយាយថា៖ «តាមសំណើររបស់គណបក្សសង្គ្រោះជាតិ យើងដូចជាមិនទាន់មានរបៀបវារៈអ្វីទេ ប៉ុន្តែគ្រាន់តែជាគោលការណ៍សម្តេច [ស ខេង] លោកឯកភាពឲ្យជួបក្នុងកម្រិតជំនាញ មិនមែនកម្រិតនយោបាយទេ»។
បន្ថែមពីនេះទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏ស្នើឱ្យគណបក្សសង្រ្គោះជាតិដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថាក្រុមការងារគណបក្សសង្គ្រោះជាតិ និងទៅក្រសួងមហាផ្ទៃជួបពិភាក្សាជាមួយមន្ត្រីស្ថាប័ននេះ តាមពេលវេលាកំណត់។
ប៉ុន្តែលោកបង្ហាញការសោកស្តាយដែលក្រសួងតម្រូវឲ្យគណបក្សសង្គ្រោះជាតិធ្វើលិខិតស្នើសុំជួបជជែកពីបញ្ហាទំាងអស់នេះ ដោយមិនបានពន្យល់ពីមូលហេតុច្បាស់លាស់នោះទេ។
លោកនិយាយថា៖ «រឿងទំាងអស់ មិនចំាបាច់ឲ្យគណបក្សសង្គ្រោះជាតិសរសេរលិខិតដើម្បីសុំជួបជជែកទេ ក្រសួងមហាផ្ទៃខ្លួនឯងដែលជាអាណាព្យាបាលលើគណបក្សនយោបាយគឺត្រូវតែចង្អុលប្រាប់ថាគណបក្សធ្វើនេះខុសត្រង់ណា ហើយឲ្យយើងកែតម្រូវឲ្យចំមកចំណុចហ្នឹងហើយបើសិនជាគណបក្សសាម៉ីមិនកែតម្រូវបានវាទៅជារឿងផ្សេងទៀតប៉ុន្តែនៅក្នុងលិខិតរបស់លោក ស ខេង គាត់គ្រាន់តែប្រាប់ថាខុសច្បាប់ ហើយឲ្យយើងដូរពាក្យស្លោក វាអត់ច្បាស់ ចំណុចហ្នឹង បានយើងត្រូវការជួបដើម្បីជជែកគ្នាឲ្យបានច្បាស់ពីចំណុចទំាងអស់ហ្នឹង»។
កាលពីថ្ងៃទី០២ខែមីនាឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិបានរៀបចំសមាជដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដដឹកនាំថ្មីរបស់ គណបក្សបន្ទាប់ពីលោក សម រង្ស៊ី បានលាលែង ពីតំណែងប្រធានបក្ស។ បន្ទាប់ពីធ្វើសមាជនេះ បក្សប្រឆាំងបានបោះឆ្នោតគាំទ្រឱ្យលោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ហើយមានអនុប្រធាន៣នាក់ រួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង។
ជាមួយគ្នានេះ បក្សប្រឆាំងក៏បានផ្សព្វផ្សាយនូវសារនយោបាយមួយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» រហូតមានមេឃុំចៅសង្កាត់គណបក្សប្រជាជនជាច្រើនចេញលិខិតថ្កោលទោសដោយចាត់ទុកថា ជាការប្រមាថដល់កិត្តិយសរបស់ពួកគេ៕









