តុលាការកំពូលលើកពេលប្រកាសសាលដីកាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា

មេធាវីការពារក្ដីឲ្យអគ្គលេខាធិការរង គ.ជ.ប ចង់ឃើញតុលាការដោះលែងលោក នី ចរិយា ឲ្យនៅក្រៅឃុំ ខណៈតុលាការកំពូល លើកពេលប្រកាសសាលដីកាទៅថ្ងៃទី៣១​ខែមីនាខាងមុននេះ។

នៅថ្ងៃសុក្រទី២៤មីនានេះ តុលាការកំពូលបើកសវនាការ​សំណុំរឿង​បណ្ដឹងសុំនៅក្រៅ​ឃុំ​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ដោយ​មានការរឹតបន្តឹងផ្នែកសន្តិសុខ​ខុសពីធម្មតា។

មេធាវីការពារក្ដីឲ្យលោក នី ចរិយា គឺ លោក សំ សុគង់ ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់សវនាការថា តុលាការគួរ​តែដោះលែងឲ្យកូនក្ដីរបស់លោកឲ្យបាននៅក្រៅឃុំ ដោយ​អះអាងថា បើតុលាការ​នៅបន្ត​ឃុំខ្លួនកូនក្ដី​របស់លោកបន្តទៀតនោះ ក៏វាមិនបានចំណេញអ្វីនោះដែរ។

លោកថា៖ «យើងឃើញថា ថ្ងៃចន្ទពណ៌ខ្មៅនេះ គោលបំណងដែលសំខាន់ ដែល​ប្រជាពលរដ្ឋ គឺជា​​គាត់ធ្វើ ព្រឹត្តិការណ៍មួយថ្ងៃច័ន្ទពណ៌ខ្មៅ គឺគោលដៅស្នើសុំឲ្យដោះលែង​មន្រ្តីអាដហុកទាំង៤នាក់ ក៏ដូចជា​លោក នី ចរិយា គឺគោលបំណងចឹង។ នៅក្នុងដីកាសម្រេច ក៏ដូចជាសាដីកា​របស់សាលាឧទ្ធរណ៍​ក៏គាត់លើកអំពី គ្មានការបារម្មណ៍អំពីសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែបើ​យើងលើក​ពីសណ្តាប់​ធ្នាប់​សាធារណៈ គឺយើងត្រូវលើកអំពីព្រឹត្តិការណ៍ហ្នឹងផង»។

ក៏ប៉ុន្តែក្នុងពេលសវនាការ តំណាងអយ្យការបានជំទាស់ការលើកឡើងរបស់មេធាវីការក្ដីឲ្យលោក នី ចរិយា ដោយថា លោកមេធាវី​ «មិនត្រូវយកហេតុផលយុទ្ធនាការ​ថ្ងៃចន្ទពណ៌ខ្មៅ​ ដើម្បីដាក់បន្ទុកចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​នោះ»។

នៅពេលសវនាការនាព្រឹកមិញនេះ ក៏មានការឃ្លាំមើលពីអង្គការសង្គមស៊ីវិលជាតិនិងមន្ត្រីស្ថានទូតអាមេរិក សហភាពអ៊ឺរ៉ុប និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា មានប្រសាសន៍ថាតុលាការគួរពិចារណាករណីនេះឡើង វិញ ដោយថា បើតុលាការនៅបន្តឃុំខ្លួនលោក នី ចរិយា ទៀត និងធ្វើសហគមន៍ជាតិនិងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋរិះគន់ប្រព័ន្ធយុត្តិធម៌កាន់តែខ្លាំង។

លោកថា៖ «យើងសង្ឃឹមថា តុលាការលោកនឹងប្រើឆន្ទានុសិទ្ធិរបស់ខ្លួនប្រើឧត្ដមគតិរបស់ខ្លួនសម្រេច សតិវិនិច្ឆ័យនៅក្នុងរឿងនេះ ដែលលោកគួរតែពិចារណាស្ដារកត្តិយសស្ដាកត្តិនាមរបស់តុលាការឡើងវិញ ដែរ។ កន្លងមក ឃើញថាមានការរិះគន់ខ្លាំងថាតុលាការលោកអត់ហានប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ហើយ ធ្វើទៅតាមតែអ្នកនយោបាយ។ ខ្ញុំសង្ឃឹមថា ថ្ងៃខាងមុខប្រឹក្សាជំនុំជម្រះលោកនឹងពិចារណាដោយហេតុ ផលដោយច្បាស់លាស់»។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃវ៉ងដា និងលោក​ស្រី លឹម មុនី រួមទាំងមន្ត្រីគ.ជ.ប លោក នី ចរិយា ត្រូវបានតុលា​ការ ​សម្រេច​ឲ្យឃុំ​ខ្លួននៅ​ពន្ធ​គារបណ្តោះអាសន្ន​ជិត១១ខែមកហើយដោយ​ចោទប្រកាន់ពីបទសូកប៉ាន់សាក្សី​ និងសមគំនិត​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធនឹងសំណុំរឿ​​ង​ស្នេ​ហា​ដ៏ចម្រូងចម្រាស់ដែលទាក់ទងនឹងលោក កឹម សុខា។

ប៉ុន្តែសម្រាប់សហគមន៍ជាតិនិងអន្តរជាតិយល់ថាករណីនោះជា​​រឿ​ង​ន​​​យោបាយ ​ហើយ​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ដោះលែងដោយគ្មានលក្ខខណ្ឌ។

យ៉ាងណាក៏ដោយ សវនាការនៅព្រឹកនេះដែរ កងកម្លាំងនគរបាលជា​ច្រើននាក់បានប្រមូលផ្ដុំគ្នាឈររក្សា​សន្ដិសុខនៅមុខតុលាការកំពូល។ ការរឹតបន្តឹងសន្ដិសុខនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើង បន្ទាប់ពី លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា​លោក​នឹងបង្ហើប​ឈ្មោះឃាតកមួយចំនួន ដែលថាបានចូលរួម​ក្នុងករណីឃាតកម្មបាញ់​សម្លាប់អតីត​ប្រធានសហជីព​កម្មករលោក ជា វិជ្ជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ