សកម្មជនការពារបរិស្ថាន ដែលត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីប្រទេសកម្ពុជា លោក អាឡិចចាន់ដ្រូ ដាវិដសុន បានអះអាងថា ក្រុមហ៊ែកឃ័រ បានព្យាយាមលួចចូលក្នុងអ៊ីម៉ែលរបស់លោក។
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន សកម្មជនការពារបរិស្ថានរូបនេះ បានរៀបរាប់ថា៖ “បន្ទាប់ពីមានការចោទសួរអំពីសកម្មភាពក្រុមហ៊ែកឃ័រដែលបានលួចយកគណនីហ្វេសប៊ុករបស់អ្នកតំណាងរាស្ត្រប៉ុន្មានសប្ដាហ៍មកនេះ ឥឡូវនេះ ពួកគេហាក់បីដូចជាកំពុងព្យាយាមលួចយកគណនី Gmail របស់ខ្ញុំផងដែរ”។
លោក អាឡិច បានចោទសួរថា តើនរណាជាអ្នកនៅពីក្រោយនៃការវាយប្រហារនេះ? តើវាជាក្រុមតែមួយជាមួយ អាសីហា ដែលបានលួចស្ដាប់ដោយខុសច្បាប់ពីការសន្ទនាតាមទូរស័ព្ទឯកជន?
លោក អាឡិច ដែលជាជនជាតិអេស្ប៉ាញនោះ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក បន្ទាប់ពីលោកធ្វើសកម្មភាពយ៉ាងលេចធ្លោ ប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង។
សកម្មជនការពារតំបន់អារ៉ែងរូបនេះ បានអះអាងថា លោកកំពុងតែស៊ើបអង្កេតសកម្មភាពរត់ពន្ធខ្សាច់ ដែលត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាមួយរដ្ឋអំណាច៕












