លោក កែវ រ៉េមី ថាសមាជិកសភាអាស៊ានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានហៅការលើកឡើងរបស់ក្រុមសមាជិកសភាអាស៊ាន ជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថា ជាវាយតម្លៃរបស់មនុស្សមួយក្រុមតូច និងកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

នេះជាប្រតិកម្មថ្មីមួយទៀត ដោយតំណាងរដ្ឋាភិបាលកម្ពុជា ក្នុងសន្និសិទ្ធសារព័ត៌មានមួយ នៅថ្ងៃចន្ទនេះ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា បានហៅរបាយការណ៍របស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) និងប្រធានរបស់អង្គការគឺលោក ហ្សាល់ សាន់ឌីអេហ្គូ ថាជាវាយតម្លៃរបស់មនុស្សមួយក្រុមតូច និងមិនឆ្លុះបញ្ចាំងទស្សនៈរបស់សមាគមអាស៊ានទាំងមូលនោះទេ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំធ្វើប្រតិកម្មទាក់ទងទៅនឹង ប្រធាន APHR ដែលជាក្រុមតូចមួយដឹកនាំដោយលោក ហ្សាល់ សាន់ឌីអេហ្គូ ហើយក្រុមនេះជាក្រុមបង្កើតឡើងប៉ុន្មាននាក់ទេ។ ខ្ញុំមិនបានជូនតម្លៃគាត់ ទាក់ទងទៅនឹងការឆ្លុះបញ្ចាំងរបស់ប្រទេសជាសមាជិកអាស៊ានទេ ហើយអញ្ចឹងគាត់និយាយ ហើយនិយាយចំឈ្មោះកម្ពុជា ជាការជ្រៀតជ្រែកហើយ»។

លោកអះអាងថា មានតែគណៈកម្មការអន្ដររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្សទេ ដែលជាអង្គការមានតួនាទីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។

កាលពីសប្តាហ៍មុន ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្ម​ក្នុង​ន័យ​ដដែលនេះដែរ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បន្ដថា អង្គការ ឬភាគីណាមួយពុំគួរវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ដែលកើតមាន ក្នុងប្រទេសដទៃនោះទេ។ លោកថា នៅលើពិភពលោក ពុំមានស្ដង់ដារកំណត់ពីការគោរពសិទ្ធិមនុស្សបែបណានោះទេ ដោយលោកថា គឺវាអាស្រ័យលើប្រពៃណី ទំនៀមទម្លាប់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនោះប៉ុណ្ណោះ។ លោកបន្ថែមថា សហគមអន្ដរជាតិគួរផ្ដល់មេដាយណូប៊ែលសន្ដិភាពដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទើបសាកសម ដោយថា លោក ហ៊ុន សែន បានជួយសង្គ្រោះពលរដ្ឋខ្មែររាប់លាននាក់ពីរបបខ្មែរក្រហម។

លោកថា៖ «ឥឡូវ ខ្ញុំចាប់ផ្ដើមនិយាយដោយខ្លី រឿងសិទ្ធិមនុស្សបន្ដទៅទៀត  សម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺជាអ្នកសង្គ្រោះជីវិតមនុស្សឲ្យមានជីវិតឡើងវិញ ក្រោយពីរបប ប៉ុល ពត។ ​ហើយការសង្គ្រោះជីវិតនេះថ្នាក់ដឹកនាំគណបក្សប្រឆាំង ក៏ត្រូវទទួលស្គាល់ខ្លួនឯងថា រស់មានជីវិតដោយសារ៧មករា។ ចំណុច២នេះ គឺល្មមដល់ពេលដែលទាក់ទងវិស័យសិទ្ធិមនុស្ស ផ្ដល់ឲ្យគាត់ (លោក ហ៊ុន សែន) នូវគេហៅថា ណូប៊ែលភីសផ្រាយ»។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា កត់សំគាល់ថា មុនការបោះឆ្នោត ឆ្នាំ២០១២ រដ្ឋាភិបាលហាក់បានគោរពសិទ្ធិមនុស្សល្អប្រសើរ ប៉ុន្ដែលោកថា ក្រោយឆ្នាំ២០១៣ ស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែអន់ថយទៅៗ ដោយថា មានទាំងការចាប់ឃុំខ្លួនមន្ដ្រីអាដហុកចំនួន៤រូប និងមន្ដ្រី គ.ជ.ប ម្នាក់គឺ លោក នី ចរិយា ទៀតផង។ លោកបន្ដថា បញ្ហាទាំងនេះហើយ ធ្វើឲ្យមានការរិះគន់ច្រើនពីមជ្ឈដ្ឋានជាតិ និងសហគមអន្ដរជាតិ ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។

លោកថា៖  «ខ្ញុំថា បើសិនជាអ្វីដែលគណៈកម្មាការសិទ្ធិមនុស្សលើកនេះ គឺជាបរិបទ មុនឆ្នាំ២០១២ យើងឃើញថា មុនឆ្នាំ២០១២ រាជរដ្ឋាភិបាលទទួលស្គាល់ពីខាងអន្ដរជាតិថា ជាអ្នកនាំនូវសិទ្ធិមនុស្ស សន្ដិភាពមកប្រទេសកម្ពុជា ក៏ប៉ុន្ដែប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនមែនអញ្ចឹងទេ ប្រទេសកម្ពុជា បច្ចុប្បន្ន កំពុងតែវិលទៅរករបបមួយដែលធ្វើការគាបសង្កត់ទៅលើគណបក្សប្រឆាំង ក៏ដូចជា ទៅលើស្ថាប័នអង្គការសិទ្ធិមនុស្ស។ ភស្ដុងតាងជាក់ស្ដែង គឺមន្ដ្រីអង្គការអាដហុក យើងខ្ញុំចំនួន៥នាក់ ត្រូវបានចាប់យកទៅឃុំ តាមទំនើងចិត្ត ដោយមិនមានកាលកំណត់»។

កាលពីពេលកន្លងទៅ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានលើកឡើងថា ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ធ្វើ​បុក្ខទុក​ម្នេញ​លើក្រុមសកម្មជនប្រឆាំង អ្នក​ការពារសិទ្ធិ​មនុស្ស និង​ការកែ​ច្បាប់​ដែល​មាន​ភាព​ចម្រូងចម្រាស់​មុន​ពេល​បោះ​ឆ្នោត​ខាង​មុខ។ ពួកគេចាត់ទុក​ថា ការនេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ស្ថាប័នស្នូល​របស់​ជាតិ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ផុយ​ស្រួយ​របស់កម្ពុជា។

ចំពោះនាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ហៅកាត់ថា ខុមហ្វ្រែល លោក គល់​ បញ្ញា យល់​ថា ​ច្បាប់​ស្តីពី​បក្ស​នយោ​បាយ​ដែលត្រូវ​បានរដ្ឋសភា​អនុម័តរួច​ហើយ​នោះ​ អាចនឹង​ក្លាយ​ជា​ឧបករណ៍​ក្នុង​ការ​​បំបាត់​សំឡេងគណ​​​បក្ស​នយោបាយ​ និងរុញ​ច្រានគណ​បក្ស​នោះ​ឲ្យចេញពី​ការ​ប្រកួតជាមួយបក្ស​កាន់​អំណាច។ លោកចាត់ទុកថា​រូប​ភាព​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​បាត់​សំឡេងប្រឆាំង និងនាំ​ឲ្យ​ការបោះ​ឆ្នោតខាង​មុខ ​មិន​អាច​ធានាបាន​នូវ​ភាព​សេរី​ និងយុត្តិ​ធម៌ទេ។

លោក​ថា៖ «ការ​ចាត់​ចែង​ការ​បោះ​ឆ្នោត​យើង​ឃើញ​មាន​ការ​ចាត់​ចែង​បច្ចេក​ទេស​ឃើញ​មាន​ការ​រីក​ចំរើន​ខ្លះ​ ជា​ពិសេស​ឃើញ​មាន​ការ​ចាត់​ចែង​ការបទ​បញ្ជារ គ.ជ.ប នោះ ប៉ុន្តែ​បរិយាកាស​ដែល​នាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​បាន​ត្រឹម​ត្រូវ​នោះ​ យើង​នៅ​មាន​ស្ថានភាព​មួយ​ដែល​នៅ​មិន​អាច​ធានា​ការ​បោះ​ឆ្នោត​បាន​សេរីត្រឹម​ត្រូវ​ និងយុត្តិ​ធម៌​ទេ។ … ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រហាក់​ប្រហែល​នឹង​កីឡា​ដែរ​ការ​ប្រកួ​តហ្នឹង​គេត្រូវ​មាន​បេក្ខជន​ដែល​មាន​សក្តានុពល​ហ្នឹង គេត្រូវ​ការ​ពារ​សិទ្ធិ​គោរព​សិទ្ធិ​គេ ដើម្បី​ឲ្យ​គេ​បាន​ចូល​រួម​ពេញ​លេញបេក្ខជន​ដែល​មាន​សក្តា​នុពល​ ទាំង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង»។

ឆ្លើយតបនឹងការរិះគន់ជុំវិញបញ្ហាប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោត លោក កែវ រ៉េមី ថា កម្ពុជាបានគោរពតាមគោលការណ៍សមធម៌ បង្កើនឲ្យមានការជជែកដេញដោលលើបញ្ហាគោលនយោបាយដឹកនាំប្រទេសរបស់គណបក្សនានា អនុញ្ញាតឲ្យសង្គមស៊ីវិលចូលរួម និងឃ្លាំមើលការបោះឆ្នោត ហើយថា អ្នកបោះឆ្នោតមានសិទ្ធិទៅបោះឆ្នោតដោយគ្មានការបំភិតបំភ័យជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ