ក្រុមអ្នកស៊ើបអង្កេត បានសម្រុកស្រាវជ្រាវលើភ្នំមួយនៅប្រទេសជប៉ុននៅថ្ងៃនេះ បន្ទាប់ពីផ្ទាំងព្រិលដ៏ធំមួយ បានបាក់សង្កត់លើសិស្ស និងគ្រូវិទ្យាល័យមួយក្រុម ដោយបានសម្លាប់មនុស្ស ៨នាក់ ចំពេលដែលមានចោទសួរថា ហេតុអ្វីបានជាការប្រកាសព្រមានអំពីការបាក់ធ្លាក់ផ្ទាំងព្រិល មិនត្រូវបានគេយកចិត្តទុកដាក់។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ផ្ទាំងព្រិលនៅភាគកណ្ដាលប្រទេសជប៉ុន កាលពីថ្ងៃម្សិលមិញនេះ បានសម្លាប់សិស្ស ៧នាក់ និងគ្រូបង្រៀនម្នាក់ នៅក្នុងចំណោមមនុស្ស ៤៨នាក់ ដែលស្ថិតក្នុងដំណើរហ្វឹកហាត់ឡើងភ្នំនៅរដូវរងារ។ ចំណែកមនុស្ស ៣៨នាក់ទៀត បានរងរបួស ក្នុងនោះ ២នាក់រងរបួសធ្ងន់។
អ្នកនៅរស់រានមានជីវិត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា ពួកគេកំពុងហ្វឹកហាត់នៅតំបន់ព្រៃភ្នំណាស៊ូ ស្ថិតក្នុងខេត្តតូជីហ្គី មានចម្ងាយ ១៦០គីឡូម៉ែត្រភាគខាងជើងទីក្រុងតូក្យូ។ ពួកគេប្រាប់ថា ភ្លាមៗនោះ ផ្ទាំងព្រិលបានរបេះ ហើយមានសំឡេងស្រែកប្រាប់ឲ្យរកអីការពារខ្លួន។
ក្មេងៗដែលបានស្លាប់់នោះ គឺជាសិស្សនៅវិទ្យាល័យមួយ ដែលចូលរួមប្រកួតប្រជែងឡើងភ្នំ ហើយពួកស្ថិតនៅខាងមុខក្រុម នៅពេលផ្ទាំងព្រិលនោះ បានបាក់ធ្លាក់សង្កត់លើ៕









