តុលាការសហរដ្ឋអាមេរិកលើកពេលសវនាការ ករណី លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជា និងកូនប្រុស លោក ហ៊ុន ម៉ាណែត លើសំណុំរឿង “ធ្វើភេរវកម្ម” និង “ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ នេះបើតាមភាគីដើមបណ្តឹង។
ភរិយារបស់លោក មាជ សុវណ្ណារ៉ា គឺលោកស្រី ចេមី មាជ (Jamie meach) បានប្រាប់VODនៅថ្ងៃពុធនេះថា តុលាការសហរដ្ឋអាមេរិក នៅក្នុងក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) បានប្រកាសលើកពេលសវនាការបង្ហាញអង្គហេតុ និងភស្តុតាង ដែលគ្រោងធ្វើនៅថ្ងៃទី៣០ ខែមីនាស្អែកនេះ ទៅថ្ងៃទី១៣ ខែមេសា ខាងមុខវិញ លើសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត។
កាលពីថ្ងៃអង្គារម្សិលមិញ លោក អ៊ុច ខែមសុខាំបូរ មេធាវីការពារក្តីឲ្យលោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ថា សវនាការនោះនឹងបង្ហាញពីឯកសារ ភស្តុតាងមួយចំនួនទៀត ដែលអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត បង្ករហិង្សាលើលោក ផល ហេរ នៅសហរដ្ឋអាមេរិកផងដែរ។
លោកនិយាយថា៖ «សវនាការ លើសំ ណុំរឿង អង្គហេតុ និងភស្តុតាង ព្រោះថ្ងៃហ្នឹងវាមានសារសំខាន់ណាស់ ព្រោះចៅក្រមគាត់ចង់បានជាលំអិត តើអ្នក ណាវាយវាយ ផល ហេរ ឈ្មោះអ្វី ហើយទាក់ទងនិងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត របៀបម៉េច ។យើងបានហុចដីកានោះទៅឲ្យបុគ្គលពីរនាក់ ដើម្បីមកឡើងបំភ្លឺសវនាការរបស់យើងថ្ងៃហ្នឹង[ថ្ងៃ៣០មីនា]យើងបានធ្វើហើយខ្ញុំមិនអាចប្រាប់ឈ្មោះគេបានទេ»។
VOD មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេនៅថ្ងៃនេះ។
គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់ពាក្យបណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា ដោយចោទពីបទ”ធ្វើភេរវកម្ម”និង”ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ ក្នុងពាក្យបណ្តឹងនោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំឲ្យមានការចាប់ខ្លួននិងកាត់ទោសលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំ៕









