រដ្ឋាភិបាលកម្ពុជាស្នើឲ្យប្រទេសចិនទិញអង្ករពីប្រទេសកម្ពុជាបន្ថែមទៀត ខណៈសហភាពអឺរ៉ុបព្រមានបញ្ឈប់នាំចូលអង្ករពីកម្ពុជា ដោយថាអង្ករនោះមានផ្ទុកសារធាតុទ្រីហ្ស៊ីក្លាហ្សូលលើសកម្រិត។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា–ចិននៅខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានស្នើប្រទេសចិនជួយទិញអង្ករពីកម្ពុជាបន្ថែម ព្រមទាំងផលិតផលកសិកម្មផ្សេងទៀត។
កន្លងទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ចិនបានប្រកាសឲ្យកម្ពុជានាំអង្ករទៅកាន់ប្រទេសចិនចំនួន២០ម៉ឹនតោនក្នុងមួយឆ្នាំ ដោយមិនបង់ពន្ធ តែថាចិនមិនទាន់បានទិញគ្រប់ចំនួនសន្យានៅឡើយ។
បណ្ឌិតកសិកម្ម លោក យ៉ង សាំងកុមារ សម្ដែងការគាំទ្រដោយថា ប្រសិនបើចិនបើកទីផ្សារឲ្យកម្ពុជានាំអង្ករនិងផលិតកសិកម្មទៅចិននោះជារឿងល្អ វាអាចជួយពង្រីកទីផ្សារឲ្យកសិករបន្ថែមទៀត។ លោកបន្តថា រដ្ឋាភិបាលគួរតែមានវិធានការបន្ថែម ទាក់ទងរឿងគុណភាព ទើបអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ។
លោកថា «វាគ្រាន់តែជាផ្នែកមួយនែប្រព័ន្ធទាំងមូល កាលណាយើងមានគេកម្មង់ទិញ ឬក៏មានទីផ្សារកាន់តែធំ ហើយជារឿងល្អមួយ។ មួយទៀតធ្វើម៉េចយើងចូលទៅទីផ្សារហើយវាទាក់ទងទៅនឹងរឿងតម្លៃ។ ទាក់ទងរឿងគុណភាព ហ្នឹងវាជាបញ្ហាផ្សេងទៀតដែរយើងត្រូវធ្វើ គឺទាក់ទងនឹងតំលៃជាពិសេសតម្លៃតាមកន្លែង ធ្វើម៉េចឲ្យយើងអាចប្រកួតប្រជែងគេ អោយក្រុមហ៊ុនអង្ករអាចប្រកួតប្រជែងគេបាន នោះគឺយើងអាច មានន័យថាយើងអាចនាំចេញបានច្រើនហើយ វាត្រូវដោះស្រាយតាំងពីបញ្ហាគុណភាពនិងបញ្ហាថ្លៃដែរថ្លៃការផលិតនិងការនាំចេញ»។
អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោក ចាន់ សុផល លើកឡើងដូចគ្នាដែរថា បើចិនបើកទីផ្សារកាន់ច្រើននោះ វាជាឱកាសល្អសម្រាប់កម្ពុជា ប៉ុន្តែក៏មិនប្រាកដថាវាអាចកាត់បន្ថយការធ្លាក់ចុះតម្លៃស្រូវបាននោះទេ។
លោកបន្តថា «មិនប្រាកដទេ អ្វីគឺរត់ទៅតាមទីផ្សារអន្តរជាតិទាំងអស់លូវសម័យសមាហរន្តកម្មពិភពលោកតម្លៃ ផលិតផលដែលមានទីផ្សារ មានពាណិជ្ជកម្មទូទាំងពិភពលោក គឺយើងមិនអាចកំណត់បាន ដូចជា ថ្លៃអង្ករ ថ្លៃកៅស៊ូ ថ្លៃដំឡូង ជាដើមនេះ ថ្លៃម្រេចចឹងដែរ ។ គឺវារត់ទៅតាមតម្រូវការ និងការផ្គត់ផ្គង់ លក្ខខណ្ឌផ្សេងៗ នៅលើទីផ្សារអន្តរជាតិទាំងមូល ព្រោះយើងគ្រាន់តែតាមគេទេ…»។
យ៉ាងក៏ដោយ លោកថា ចំពោះការប្រកាសរបស់សហភាពអឺរ៉ុប មិនឲ្យកម្ពុជាប្រើសារធាតុទ្រីស៊ីក្លាហ្សូលលើសកម្រិត មិនទាន់ធ្វើឲ្យវិស័យអង្ករកម្ពុជាប្រឈមមុខខ្វះទីផ្សារនោះទេ ដោយសារ សហភាពអឺរ៉ុបបានកំណត់ច្បាប់ថ្មីគឺ ចាប់ពីខែមិថុនា ២០១៧ ដូចនេះកម្ពុជានៅមានពេលច្រើន ដើម្បីជូនដំណឹងទៅក្រុមហ៊ុននាំអង្ករផ្សេងៗឲ្យបានដឹង។
បន្ទាប់ពីសហភាពអឺរ៉ុបព្រមានបញ្ឈប់ទិញអង្ករពីកម្ពុជានោះ កាលពីថ្ងៃទី២៧ ខែមីនា ២០១៧ ក្រសួងកសិកម្ម បានចេញលិខិតជូនដំណឹងដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្មដែលមានសារធាតុទ្រីស៊ីក្លាហ្សួល៕









