វៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសជំទាស់ការធ្វើសមយុទ្ធយោធារបស់តៃវ៉ាន់ នៅជុំវិញទីតាំងមានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលចោទថា បានបំពានលើដែនអធិបតេយ្យភាពនិងគំរាមកំហែងសន្តិសុខយោធាវៀតណាម។
ចិនអះអាងថា តំបន់ជាច្រើននៅសមុទ្រចិនខាងត្បូងដែលទទួលបានតម្លៃ៥ទ្រីលានដុល្លារពីការដឹកជញ្ជូនទំនិញឆ្លងកាត់ក្នុង១ឆ្នាំៗថា ជាកម្មសិទ្ធិរបស់ខ្លួន ចំណែកប្រទេសផ្សេងៗទៀតដូចជា ប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង វៀតណាម ក៏អះអាងថា មានកម្មសិទ្ធិពួកគេនៅទីនោះដែរ។
តៃវ៉ាន់បានបញ្ជាក់ថា ពួកគេ នឹងធ្វើសមយុទ្ធឆ្មាំសមុទ្រនៅកោះ Itu Aba នៅឆ្នាំនេះ ដូចពេលមុនៗទៀត ដែលចាប់ពីថ្ងៃពុធម្សិលមិញ ហើយបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ។ ចំណែកវៀតណាម បានប្រឆាំងនឹងការធ្វើសមយុទ្ធនោះថា បានធ្វើឲ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាព ដែលប៉ះពាល់ដល់កោះកំពុងមានជម្លោះគឺកោះស្រ្ពាតលី និង ប៉ះពាល់ដល់សន្តិសុខរបស់វៀតណាម៕









