ពលរដ្ឋកូរ៉េខាងជើង ២នាក់ ឬអាច ៣នាក់ ដែលអាជ្ញាធរម៉ាឡេស៊ីស្វែងរកចាប់ខ្លួនដើម្បីសួរចម្លើយជុំវិញករណីឃាតកម្មលើបងប្រុសមេដឹកនាំកូរ៉េខាងជើងនោះ ត្រូវបានគេជឿថា បានអមដំណើរជាមួយក្ដារមឈូសជនរងគ្រោះ ហោះហើរចេញពីទីក្រុងគួឡាឡំពួ បន្ទាប់ពីម៉ាឡេស៊ីឯកភាពលើកិច្ចព្រមព្រៀងដោះដូរមួយជាមួយរដ្ឋឯកោមួយនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters ចុះផ្សាយបែបនេះ បន្ទាប់ពីទទួលបានរូបភាពពីទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន ដែលបង្ហាញថា លោក យ៉ុន ក្វាងសុង លេខាទីពីរស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងគួឡាឡំពួរ និងលោក គីម អ៊ុកអ៊ីល សមាជិកក្រុមហ៊ុនអាកាសចរណ៍រដ្ឋកូរ៉េខាងជើង ស្ថិតនៅលើយន្តហោះ ដែលហោះហើរពីទីក្រុងគួឡាឡំពួទៅកាន់ទីក្រុងប៉េកាំង នៅល្ងាចថ្ងៃម្សិលមិញ។
រូបថតទាំងនោះ ត្រូវគ្នានឹងរូបថតដែលបញ្ចេញដោយប៉ូលិសម៉ាឡេស៊ីកាលពីមុន។ ក្ដារមឈូសដាក់សពលោក គីម ជុងណាម ក៏ត្រូវបានគេជឿថា ស្ថិតនៅក្នុងជើងហោះហើរតែមួយជាមួយមនុស្សទាំងនោះ ប៉ុន្តែ អាជ្ញាធរម៉ាឡេស៊ីមិនទាន់បញ្ជាក់អំពីរឿងនេះនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានរាយការណ៍ថា ពលរដ្ឋកូរ៉េខាងជើងទីបី ឈ្មោះ រី ជីអ៊ុយ ហៅ James ដែលបានលាក់ខ្លួននៅក្នុងស្ថានទូតកូរ៉េខាងជើងនៅទីក្រុងគួឡាឡំពួរនោះ ក៏ត្រូវបានគេអនុញ្ញាតឲ្យត្រឡប់ទៅប្រទេសកំណើតផងដែរ។ មនុស្សទាំង ៣នាក់នោះ រួមទាំងមឈូសសពផងដែរ ត្រូវបានគេរំពឹងថានឹងផ្ទេរទៅជើងហោះហើរមួយទៀត ហោះហើរឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង។
អាជ្ញាធរម៉ាឡេស៊ី បានសម្រេចប្រគល់សពលោក គីម ជុងណាម ទៅឲ្យកូរ៉េខាងជើងវិញ កាលពីថ្ងៃម្សិលមិញនេះ ជាថ្នូរទៅនឹងការដោះលែងពលរដ្ឋម៉ាឡេស៊ី ៩នាក់ ដែលត្រូវបានគេឃាត់ខ្លួននៅក្រុងព្យុងយ៉ាង ក្រោយផ្ទុះជម្លោះកាទូត៕









