សពស្ត្រីទីពីរ ត្រូវបានគេរកឃើញកាលពីថ្ងៃម្សិលមិញនេះ ហើយមនុស្ស ១០ម៉ឺននាក់ ត្រូវបានគេជម្លៀសចេញពីបណ្ដាទីក្រុងនានា នៅក្នុងរដ្ឋពីររបស់អូស្ត្រាលី បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំដែលបង្កឡើងដោយព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ព្យុះស៊ីក្លូន Debbie បានបោកបក់ទៅលើភាគឦសានកាលពីថ្ងៃអង្គារកន្លងមក ដោយបានផ្ដួលរំលំដើមឈើ បោកបក់ទូកទៅទើនៅលើឆ្នេរ និងបង្កឲ្យមានការខូចខាតយ៉ាងធំធេង។
ព្យុះស៊ីក្លូន Debbie បានថមថយឥទ្ធិពលមកនៅកម្រិតទាបវិញ នៅពេលវាបោកបក់សំដៅទៅភាគអាគ្នេយ៍អូស្ត្រាលី ប៉ុន្តែ វានៅតែបន្តបង្កមហន្តរាយ និងនាំមកនូវភ្លៀងធ្លាក់យ៉ាងជោគជាំ នៅពេលវាបោកបក់កាត់ឆ្នេរភាគខាងកើត សំដៅទៅរដ្ឋ New South Wales ភាគខាងត្បូងទីក្រុង Queensland និងទីក្រុងស៊ីដនី។
ប៉ូលិសអូស្ត្រាលីបាននិយាយថា សពស្ត្រីម្នាក់ ដែលបានបាត់ខ្លួនក្នុងទឹកជំនន់នៅភាគខាងត្បូងទីក្រុង Queensland នោះ ត្រូវបានគេរកឃើញកាលពីថ្ងៃម្សិលមិញនេះ៕