នគរបាល​ជាតិ​បង្កើត​ក្រុម​ថ្មី​ស៊ើប​អង្កេត​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព

លោក នេត សាវឿន (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ)

អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក នេត សាវឿន ថ្មីៗ​នេះ បាន​សម្រេច​បង្កើត​ក្រុម​ស៊ើប​អង្កេត​ថ្មី​មួយ ដើម្បី​ស្រាវ​ជ្រាវ​ទៅ​លើ​ឃាតកម្ម​មេដឹកនាំ​សហជីព ៣​រូប កាល​ពី​ជាង ១០​ឆ្នាំ​មុន។

ក្នុង​សេចក្ដី​សម្រេច​មួយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា​កន្លង​មក​នេះ អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក នេត សាវឿន បាន​​សម្រេច​​ចាត់​តាំង​មន្ត្រី​នគរបាល​ ១១​រូប ដែល​ដឹកនាំ​ដោយ​​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ជួន សុវណ្ណ ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង​លោក រស់ វណ្ណារ៉េត។

លោក ជា វិជ្ជា និង​លោក រស់ សុវណ្ណារ៉េត ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​​ឆ្នាំ​២០០៤ ចំណែក​ឯ​លោក ហ៊ី វុទ្ធី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៧។

ក្នុង​សេចក្ដី​សម្រេច​នោះ ក្រុម​មន្ត្រី​នគរបាល​ទាំង ១១​រូប​នេះ ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ប្រមូល​ភស្តុតាង វត្ថុ​តាង ព័ត៌មាន​ទាក់​ទង​នឹង​ករណី​ឃាតកម្ម​មេដឹកនាំ​សហជីព​ទាំង ៣​រូប​នេះ ព្រម​ទាំង​ចាប់​ខ្លួន​ឃាតករ និង​អ្នក​សម​គំនិត​យក​ទៅ​ផ្ដន្ទា​ទោស។

ក្រុម​ស៊ើប​អង្កេត​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​ជិត ២​ឆ្នាំ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ពិសេស​មួយ ដែល​មាន​មន្ត្រី​ចម្រុះ ១៤​រូប កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លង​មក។

គ្មាន​ខ្មាន់​កាំភ្លើង​ ឬ​អ្នក​​នៅ​​ពី​​ក្រោយ​​ឃាត​កម្ម​​ណា​​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេរហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ