សកម្មជនដីធ្លីដែលសកម្មក្នុងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅសុំឲ្យដោះលែងអ្នកជាប់ឃុំនោះ បានផ្អាកធ្វើយុទ្ធនាការនៅថ្ងៃទី៣ ខែមេសានេះ ដោយថាសមាជិកសហគមន៍ផ្សេងទៀតជាប់ការងារផ្ទាល់ខ្លួន។
ការផ្អាកនេះ ធ្វើឡើងស្របពេលដែលសកម្មជនដីធ្លីពីរនាក់ត្រូវបានត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចាប់ឃុំខ្លួនពេញមួយថ្ងៃ កាលពីសប្តាហ៍មុន ខណៈពួកគេបង្ហោះប៉េងប៉ោងនិងផ្ញើសារទៅកាន់រដ្ឋាភិបាលឲ្យដោះលែងអ្នកជាប់ឃុំ ព្រមទាំងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់វីអូឌីថា បើទោះបីជាពួកគាត់ មិនបានធ្វើពិធីផ្សេងៗដូចសប្ដាហ៍កន្លងមកក៏ដោយ តែអ្នកស្រីនៅតែពាក់អាវខ្មៅដដែល ដើម្បីបង្ហាញថាអ្នកស្រីមិនបោះបង់ការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ឡើយ កាលណារដ្ឋាភិបាលមិនព្រមដោះលែងកំពុងជាប់ឃុំទាំងនោះ។ អ្នកស្រីថា «មីងប្រាប់គាត់ហើយថាមីងនៅតែបន្តពាក់អាវខ្មៅ បើមិនដោះលែងពួកគាត់ និងដោះស្រាយផ្ទះពួកខ្ញុំបញ្ចប់ទេខ្ញុំនៅតែបន្តរហូតប្រាប់គាត់ចឹងហើយ។ មីងអត់ខ្លាចចាប់ខ្លួនទេ ព្រោះមីងខ្លាចបាត់ដីរបស់មីង សំខាន់ចាប់ខ្លួនជារឿងធម្មតា សព្វថ្ងៃអ្នកណាក៏ដោយ ឃើញស្រាប់ហើយសូម្បីលោកបណ្ឌិ គឹម សុខ ក៏គេចាប់ខ្លួនគ្រាន់តែគាត់និយាយប៉ុណ្ណឹង ហើយបើខ្លាចការចាប់ខ្លួនហ្នឹង យើងមិនអាចរកយុត្តិធម៌សម្រាប់កូនចៅរបស់យើងទៅថ្ងៃមុខបានទេ»។
តំណាងសហគមន៍បឹងកក់អ្នកស្រី ប៊ូវ សោភា លើកឡើងថា ការផ្អាកធ្វើយុទ្ធនាការអាវខ្មៅមួយរយៈ ដោយសារ ពួកគាត់រងចាំមើលក្រែងមានការលើកលែងទោសដល់អ្នកជាប់ឃុំ រួមទាំងតំណាងគាត់គឺ អ្នកស្រី ទេព វន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
អ្នកស្រីថា «ជាចុងក្រោយសម្រាប់ពួកយើងដែលរងគ្រោះដីធ្លីនោះតំបន់បឹងកក់សំណូមពរទៅថ្នាក់ដឹកនាំជាពិសេសគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើកិច្ចអន្តរាគមន៍ឲ្យដោះលែងអ្នកស្រី ទេព វន្នី ក៏ដូចជាសង្គមស៊ីវិលឲ្យគាត់មានសេរីភាព ក្នុងឱកាសចូលឆ្នាំខែ្មរខាងមុខនេះ ដើម្បីឲ្យគាត់ជួបជុំក្រុមគ្រួសាររបស់គាត់។ ជាពិសេសគឺកូនៗរបស់ពួកគាត់កំពុងតែរងចាំផ្លូវរបស់ពួកគាត់មកដល់ផ្ទះ ដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងខាងមុខនេះ»។
ថ្ងៃចន្ទ ទី៣ ខែមេសានេះ ជាសប្តាហ៍ទី៤៨ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋតែងតែពាក់អាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា អ្នកវិភាគនយោបាយ លោក គឹម សុខ សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕









