សហរដ្ឋអាមេរិកបានជួយដល់កម្ពុជារៀបចំអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ដោយថាតាមរយៈកិច្ចព្រមព្រៀងនេះនឹងនាំឲ្យកម្ពុជាទទួលបានប្រាក់ចំណេញច្រើន ដែលអាចនាំឲ្យកម្ពុជាក្លាយជាប្រទេសមានកម្រិតជីវភាពជាមធ្យមនិងខ្ពស់បាន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហេត (William Heidt) បានថ្លែងក្នុងសិក្ខាសិលាស្តីពីការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម របស់អង្កការពាណិជ្ជកម្មពិភពលោក ថាអាមេរិកចង់ជួយដល់កម្ពុជាក្នុងការរៀបចំឲ្យកម្ពុជាក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មនេះ។ លោកបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានិងអាចមានទទួលបានជំនួយក្នុងការសម្របសម្រួលពាណិជ្ជកម្ម ទទួលបានការលើកលែងពន្ធ និងទទួលបច្ចេកទេសកិច្ចប្រតិបត្តិការសម្រាប់ពាណិជ្ជកម្មខ្លួនពីសមាជិកនៃកិច្ចព្រមព្រៀងនេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីថ្លែងបើកសិក្ខានោះ លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងបន្ថែមថា លោកមានជំនឿរថាកម្ពុជានឹងអាចទទួលបានប្រាក់ចំណេញពីកិច្ចព្រមព្រៀងនេះមិនតិចជាង ២ពាន់លានដុល្លានោះទេ។
លោកថា៖ «បទពិសោធន៍របស់ខ្ញុំទាក់ទងទៅនឹងសេដ្ឋកិច្ច គឺធ្លាប់ធ្វើការនៅវ៉ាស៊ីនតោនជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ឥណូនេស៊ី និងប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ វៀតណាមជាដើម ខ្ញុំធ្វើការជាច្រើនជាមួយបញ្ហាសេដ្ឋកិច្ច។ ហើយអ្វីដែលខ្ញុំបានឃើញក្នុងអាជីពរបស់ខ្ញុំ ប្រសិនជារដ្ឋាភិបាលយកចិត្តទុកលើកិច្ចព្រមព្រៀងអន្តរជាតិដូចជា TFA ជាដើមនោះ។ រដ្ឋាភិបាលដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនហើយ ពីផលិតផលដែលមានការប្រក្រួតប្រជែង។ ប្រសិនជារដ្ឋាភិបាលផ្តោតទៅលើលិខិតស្នាមនេះកាន់តែប្រកដនោះ វានឹងអាចជួយឲ្យមានអត្ថប្រយោជន៍ច្រើនដល់ប្រជាជនខ្លួន។ នេះហើយជាអ្វីដែលខ្ញុំធ្វើប្រសិនជាខ្ញុំជារដ្ឋាភិបាល»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ក បានថ្លែងបើកសន្និសីទនោះថាកម្ពុជាចង់ក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងនេះជាយូរមកហើយ តែអ្វីដែលរាំងស្ទះដល់កម្ពុជាក្នុងការរៀបចំខ្លួនចូលនោះបណ្តាលមកពីកង្វះច្បាប់ដើម្បីទៅធានាឲ្យប្រាកដថា WTO ព្រមទទួលកម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងនោះ។ ហេតុដូច្នេះហើយទើបកម្ពុជាបានស្នើដល់អាមេរិកសម្រាប់ការគាំទ្រនូវជំនួយបច្ចេកទេសនានាសម្រាប់ជួយដល់កម្ពុជាដើម្បីចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។
សេដ្ឋវិទូជាន់ខ្ពស់លោកបណ្ឌិត នីហាល ភីទីហ្គាឡា ( NIhal Pitigala) បានឲ្យដឹងថា តាមរយៈស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្ននេះកម្ពុជាអាចក្លាយខ្លួនជាសមាជិកនៃព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកបានហើយ តែលោកថាកម្ពុជាអាចនឹងចំណាយពេលពី២ ទៅ៣ឆ្នាំទៀតវាអាស្រ័យទៅលើការទទួលយករបស់រដ្ឋាភិបាលទៅលើលក្ខខណ្ឌណាមួយនៃកិច្ចព្រមព្រៀងនេះ។
លោកថា៖ «ជាធម្មតា ខ្ញុំគិតថាវាមិនយីតឬលឿនទេ សម្រាប់ពេលវេលាណាមួយ។ ព្រោះរយៈពេលដែលខ្លីបំផុតខ្ញុំគិតថាក្នុងកំឡុងពេលពី២ទៅ៣ឆ្នាំ វាអាស្រ័យទៅលើរដ្ឋាភិបាលកម្ពុជាពិចារណាក្នុងការជ្រើសរើសយករយៈពេលនៃការផ្លាស់ប្តូរណាមួយ ហើយសម្រាប់ពេលវេលានៃប្រភេទ B និងប្រភេទ C វាត្រូវការមានអ្នកផ្តល់ជំនួយក្នុងការចុះកិច្ចព្រមព្រៀងនោះ។ ប្រសិនជាអ្នកថាពេលវេលាកាន់តែលឿនគឺកាន់តែល្អ តែជាការពិតវាត្រូវការពេលវេលាបន្ថែមទៀតសម្រាប់រៀបចំ និងទំនាក់ទំនងជាមួយអន្តរជាតិ វាអាចស្ថិតនៅកំឡុងឆ្នាំទី២ ឬទី៣»។
កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (TFA) គឺជាកិច្ចព្រមព្រៀងពហុភាគីដំបូងគេដែលទទួលបានជោគជ័យក្នុងការចរចារនៅអង្គការពាណិជ្ជកម្មពិភពលោក ហើយវានឹងជួយប្រទេសនានាដែលជាសមាជិកខ្លួនកាត់បន្ថយតម្លៃនៃការនាំចូល និងនាំចេញទំនិញ និងសេវាកម្ម ដែលធ្វើឲ្យប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងនោះអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ចច្រើនសម្រាប់ប្រទេសខ្លួន៕









