អាមេរិក​គំរាម​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​ប្រទេស​ស៊ីរី

​អាមេរិក​នៅ​ថ្ងៃ​នេះ បាន​ព្រមាន​ថា ខ្លួន​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ស៊ីរី​ជា​ថ្មី បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​ក្រុង​មូស្គូ​ក្ដៅ​ក្រហាយ ហើយ​បាន​បញ្ឆេះ​ឲ្យ​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​កាទូត​ថ្មី ដើម្បី​បញ្ចប់​សង្គ្រាម​អស់​រយៈ​ពេល ៦​ឆ្នាំ​មក​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នកស្រី Nikki Haley បាន​ថ្លែង​សារ​ព្រមាន​បែប​នេះ នៅ​ឯ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ជា​ទី​ដែល​រុស្ស៊ី​បាន​ចោទ​រដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថា បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​បាន​បង្ក​ទង្វើ​ឈ្លាន​ពាន​ប្រឆាំង​នឹង​សម្ព័ន្ធ​របស់​ខ្លួន។

អ្នក​ស្រី Haley បាន​ប្រាប់​ទៅ​ក្រុ​ម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថា សហរដ្ឋ​អាមេរិក បាន​សម្រេច​ប្រកាន់​យក​ជំហរ​ដ៏​ម៉ឹង​ម៉ាត់​​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​អាមេរិក​បាន​ត្រៀម​វាយ​ប្រហារ​បន្ថែម​ទៀត ប៉ុន្តែ សង្ឃឹម​ថា នឹង​មិន​ចាំ​បាច់​នោះ​ទេ។

ជា​ការ​សង​សឹក​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី ដែល​គេ​ទម្លាក់​កំហុស​ដាក់​ទៅ​លើ​រដ្ឋាភិបាល​លោក អាសាដ នោះ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​របស់​អាមេរិក ទៅ​លើ​របប​ក្រុង​ដាម៉ាស់។

អាមេរិក​បាន​បាញ់​គ្រាប់​មីស៊ីល Tomahawk ៥៩​គ្រាប់ ចេញ​ពី​នាវា​នៅ​សមុទ្រ​មេឌីទែរ៉ាណេ ផ្លោង​ដាក់​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ជិត​ទីក្រុង​ហូម ភាគ​កណ្ដាល​ប្រទេស​ស៊ីរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ