ស្ត្រី​​ម្នាក់​ទៀត​បាន​ស្លាប់​ក្រោយ​​ផ្ទុះ​ឡ​ចំ​ហុយ​អ៊ុត​ខោអាវ​​ ខណៈ​នគរបាល​កំពុង​តាម​ចាប់​​មេ​ជាង​

ជន​រងគ្រោះ​ដែល​​​ផ្ទុះ​ឡ​ចំហុយ​​អ៊ុត​​ខោ​អាវ​​(រូបភាពពី​វេបសាយ​នគរបាល​ជាតិ​)

មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​ធ្ងន់​ធ្ងរ​ពីរ​នាក់ ក្រោយ​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោ​អាវ​នៅ​សង្កាត់​ស្ទឹង​មានជ័យ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នោះ បាន​ស្លាប់​ហើយ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​មេ​ជាង​ម្នាក់​មើល​ការ​ខុស​ត្រូវ​លើ​ឡ​ចំហុយ​នោះ។

អធិការ​នគរបាល​ខណ្ឌ​មានជ័យ លោក តេង ស៊ីណូ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា បុរស​ម្នាក់ ត្រូវ​បាន​សម្លាប់ ហើយ​ស្ត្រី​ម្នាក់​រង​របួស​បាក់​ភ្លៅ ហើយ​មនុស្ស ៤​នាក់​ទៀត​ រង​របួស​ស្រាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ្យ​ បន្ទាប់​ពី​​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោ​អាវ​មួយ ស្ថិត​នៅ​សង្កាត់​ស្ទឹងមានជ័យ នៅ​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។

ប៉ុន្តែ អធិការ​រង​នគរបាល​ខណ្ឌមានជ័យ លោក ហួរ ម៉េងវ៉ាង បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ស្ត្រី​ជា​បុគ្គលិក​អនាម័យ ដែល​រង​របួស​​បាក់​ភ្លៅ​នៅ​ក្នុង​ឧប​ទ្ទ​វហេតុ​នោះ បាន​ស្លាប់​ហើយ ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី។

ការ​ស្លាប់​របស់​ស្ត្រី​ម្នាក់​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នោះ មាន​ចំនួន ២​នាក់។

មន្ត្រី​ដដែល​នេះ​ បាន​បន្ថែម​ថា ​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ហេតុការណ៍​នេះ​ថា ​អាច​បណ្តាល​មក​ពីឡ​ចំ​ហុយ​អ៊ុត​ខោអាវនោះ​ស្ងួត​ទឹក​ពេក ឬ​អាច​បណ្តាល​មក​ពី​ខុស​បច្ចេក​ទេស​ជា​ដើម​ ដែល​បណ្តាល​ឲ្យ​ឡ​នោះ​ផ្ទុះ​ដូច្នេះ​។​

លោក​បញ្ជាក់​ថា​ សមត្ថកិច្ច​កំពង់​តាម​ចាប់​ខ្លួន​ជាង​ម៉ាស៊ី​នដែល​មើល​ការ​ខុស​ត្រូវ​ឡ​អ៊ុត​ខោអាវ​នេះ​ដែល​បច្ចុប្បន្ន​បុគ្គលិក​​រូប​នោះ​បាន​រត់​គេច​ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ