គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ខណៈដែលចំនួនភ្ញៀវទេសចរចូលទស្សនាតំបន់អង្គរ បានកើនឡើងជិត ៩ភាគរយ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៧នេះ ប៉ុន្តែ ប្រាក់ចំណូលបានពីការលក់សំបុត្រនោះ បានហក់ឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងមក។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី០៦ ខែមេសានេះ បានបង្ហាញថា ចំនួនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ ចន្លោះពីខែមករាដល់ចុងខែមីនាកន្លងមកនេះ មានចំនួនជាង ៧៦ម៉ឺននាក់ ដោយមានកំណើនជិត ៩ភាគរយ បើធៀបទៅនឹងត្រីមាសទី១ ក្នុងឆ្នាំ២០១៦កន្លងមក។
តាមតួលេខដដែលនេះ ក៏បានបង្ហាញផងដែរថា បើទោះបីជាចំនួនភ្ញៀវទេសចរកើនឡើងមិនដល់ពីរខ្ទង់ក៏ដោយ ប៉ុន្តែ ចំណូលបានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានតំបន់អង្គរ បានស្ទុះឡើងដល់ទៅជាង ៣០លានដុល្លារ ពោលមានកំណើនជាង ៥១ភាគរយ បើធៀបនឹងត្រីមាសទី១ក្នុងឆ្នាំមុន។
ទោះជាយ៉ាងណា កំណើនចំណូលបានហក់ឡើងខ្ពស់បែបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងតម្លៃប័ណ្ណចូលទស្សនាតំបន់អង្គរ ដែលត្រូវបានចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០១៧នេះ។
ចំណូលនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបែងចែកជាង ៩៥ម៉ឺនដុល្លារទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាល ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យមួយនេះ៕









