មនុស្សជាង ២ពាន់នាក់ បានជាប់គាំងនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ កាលពីថ្ងៃម្សិលមិញរហូតដល់ថ្ងៃនេះ ក្រោយពីធ្លាក់ខ្លួនទៅជាជនរងគ្រោះនៃអំពើឆបោកមួយ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
សារព័ត៌មាននេះ បានរាយការណ៍ថា មនុស្សទាំងនោះ បានទិញកញ្ចប់ទេសចរណ៍រយៈពេលមួយសប្ដាហ៍ទៅកាន់ប្រទេសជប៉ុនតម្លៃចន្លោះពី ២៨១ដុល្លារ ៥៨០ដុល្លារ ប៉ុន្តែ មិនទទួលបានប័ណ្ណធ្វើដំណើរ ឬក៏សំបុត្រទេសចរណ៍នោះឡើយ។
ក្រុមហ៊ុនដែលបានលក់កញ្ចប់ដំណើរទេសចរណ៍នេះ គឺក្រុមហ៊ុន WealthEver ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងអាហារ មិនបានចុះបញ្ជីជាក្រុមហ៊ុនទេសចរណ៍ នៅការិយាល័យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់របស់ប្រទេសថៃនោះឡើយ។
អ្នកដំណើរដែលត្រូវបានគេឆបោកនោះ បានធ្វើដំណើរទៅដល់ព្រលានយន្តហោះ និងមិនបានជួបតំណាងរបស់ក្រុមហ៊ុនខាងលើសម្រាប់នាំផ្លូវពួកគេនោះឡើយ។ ព្រលានយន្តហោះសុវណ្ណភូមិ បានពេញប្រៀបទៅដោយមនុស្សកកកុញទៅហើយ ដោយមនុស្សកំពុងមមាញឹកធ្វើដំណើរការចាកចេញពីប្រទេសធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។
អាជ្ញាធរថៃដែលដោះស្រាយស្ថានការណ៍នោះ បានបញ្ជាក់ថា អ្នកដំណើរចាញ់បោកគេកាន់តែច្រើនបន្ថែមទៀត នឹងធ្វើដំណើរទៅដល់ព្រលានយន្តហោះនោះនៅថ្ងៃស្អែកនេះ។
យោងតាមកាសែតបាងកក ប៉ុស្តិ៍ បានឲ្យដឹងថា តម្រួតថៃបានចាប់ខ្លួនមេខ្លោងស្ថិតនៅពីក្រោយផែនការឆបោកនេះ នៅឯខេត្តរះណង់ នៅរសៀលថ្ងៃម្សិលមិញ៕









