ពលរដ្ឋខេត្តស្វាយរៀងស្នើរដ្ឋាភិបាលយកដីពីក្រុមហ៊ុនជិត១០០០ហិចតាជូនពួកគេវិញ

ក្រុមប្រជាពលរដ្ឋប្រមាណ១០០នាក់ មកពីស្រុកចំនួនពីរក្នុងខេត្តស្វាយរៀងនៅព្រឹកថ្ងៃសុក្រនេះ ធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលអន្តរគមន៍ទៅក្រុមហ៊ុនមួយ ដើម្បីផ្តល់ដីជិត១ ០០០ហិចតាមកឲ្យពួកគេវិញ ដោយចោទថា ក្រុមហ៊ុនចំនួនពីរនោះ បានមកឈួសឆាយយកដីរបស់ប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលច្រើនឆ្នាំហើយនោះ ដោយមិនឲ្យបង្ករបង្កើនផលឡើយ។

ពលរដ្ឋមកពីស្រុករមាសហែកខេត្តស្វាយរៀងកញ្ញា ខៀវ សារ៉ុន ប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី២៣មីនាឆ្នាំ២០១៧ មានក្រុមហ៊ុនមួយមិនស្គាល់ឈ្មោះ ដែលអះអាងថា ខ្លួនទទួល បានសិទ្ធិវិនិយោគពីរដ្ឋាភិបាល បានដាក់គ្រឿងចក្រឈួសឆាយ និងបង្កឲ្យប៉ះពាល់ដីពលរដ្ឋ៤៤០គ្រួសារ ដែលមានផ្ទៃសរុប៦៧០ហិតា។

កញ្ញាបន្តថា ពេលពលរដ្ឋតវ៉ាក្រុមហ៊ុនមិនព្រមឈប់នោះទេ ថែមទាំងដាក់កំលាំងសមត្ថកិច្ចមកការពារ និងគម្រាមកំហែងពលរដ្ឋថែមទៀត។

កញ្ញាបន្តថា៖ «ក្រុមហ៊ុនហ្នឹងគាត់ខ្លាំងណាស់ ពេលប្រជាពលរដ្ឋឃាត់អញ្ចឹង គាត់បើកអាត្រាក់មកបុកប្រជាពលរដ្ឋ និយាយទៅគាត់មិនខ្លាចប្រជាពលរដ្ឋទេ…គាត់មានទាំងកាំភ្លើងមកគម្រាមប្រជាពលរដ្ឋ តែពួកខ្ញុំមិនដឹងថា ក្រុមហ៊ុនថ្មីហ្នឹងឈ្មោះអីទេ ហើយគាត់ចុះកុងត្រាជាមួយអាជ្ញាធរពីពេលណាទេ»។

កញ្ញាបន្តថា ពេលពលរដ្ឋទៅរកអាជ្ញាធរខេត្តឲ្យជួយដោះស្រាយ អាជ្ញាធរមិនបានដោះស្រាយឡើយ បើទោះជាមានលិខិតបញ្ជាពីអាជ្ញាធរថ្នាក់ជាតិឲ្យជួយដោះស្រាយក៏ដោយ។

ពលរដ្ឋម្នាក់ទៀត មកស្រុកអណ្តូងត្របែក ខេត្តស្វាយរៀង អ្នកស្រី កែវ ឃួន ឲ្យដឹងថា អាជ្ញាធរឃុំនិងស្រុកបានឃុបឃិតគ្នាយកដីរបស់ពលរដ្ឋ២៥០ហិចតា ដើម្បីជួលឲ្យក្រុមហ៊ុន ដោយក្នុងនោះប៉ះពាល់ដីពលរដ្ឋជាង៦០៥គ្រួសារ។

អ្នកស្រីបន្តថា បច្ចុប្បន្នក្រុមហ៊ុន កំពុងធ្វើការឈួសឆាយ ដោយមិនឲ្យប្រជាពលរដ្ឋចូលអាស្រ័យផល។

អ្នកស្រីអំពាវនាវសុំឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយ និងមានវិធានការចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានឃុបឃិតគ្នា។

អ្នកស្រីបន្ថែមថា៖ «អស់លោកបានទទួលសំណើរពួកយើងខ្ញុំហើយ សូមអស់លោកចុះទៅធ្វើអន្តរាគមន៍ឲ្យដល់ទើបពួកខ្ញុំជឿ អស់លោកជួយប្រជាពលរដ្ឋ ដើម្បីអស់លោកយកសំលេងឆ្នោតតទៅទៀត បើអស់លោកមិនជួយរកដំណោះស្រាយឲ្យប្រជាពលរដ្ឋទេ ពួកខ្ញុំមិនអាចបោះឆ្នោតឲ្យលោកទៀតទេ ពួកខ្ញុំសំណោមពរឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែម្តង សូមឲ្យលោកជួយប្រជាពលរដ្ឋៗ ឈឺចាប់ណាស់អស់លោកគេយកកាំភ្លើង យកប៉ូលិស យកទារហាន៦រយនាក់ ទៅព័ទ្ធប៉ាញ់ពួកខ្ញុំ យកដីសហគមន៍ឃុំអណ្តូងត្របែក… »។

នៅថ្ងៃសុក្រនេះ ក្រុមប្រជាពលរដ្ឋទាំងនោះ បានធ្វើយុទ្ធនាការ ដើរដាក់ញត្តិតាមស្ថាប័នរដ្ឋ ដូចជា ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម និងរដ្ឋសភាជាដើម។

មន្រ្តីស្ថាប័នទាំងនោះ បានចេញទទួលញត្តិពីប្រជាពលរដ្ឋ និងបានសន្យាជំរុញទៅស្ថាប័នជំនាញពន្លឿនក្នុងការដោះស្រាយ។

អ្នកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ឡោ រស្មី មានប្រសាសន៍ឲ្យដឹងថា គណៈកម្មការដោះស្រាយដីធ្លីរបស់ក្រសួងនឹងធ្វើការពិនិត្យរកដោះស្រាយ។

លោកថា៖ «យើងបានទទួលញត្តិ យើងមិនទុកឯកសារហ្នឹងចោលបានទេ ខាងខ្ញុំនេះ នឹងធ្វើការទៅតាមចរន្តរដ្ឋបាល ហើយចំណាត់ការនេះ យើងនឹងដោះស្រាយទៅតាមគណៈកម្មការ ព្រោះថា ដំណាក់ការនេះវាចូលដល់ទំនាស់ហើយ អញ្ចឹងយើងហ្នឹងពិនិត្យទៅលើលិខិតបទដ្ឋានគតិយុទ្ធ ឲ្យបានសមស្របថាតើ មួយណាត្រូវ មួយណាខុស ហើយដាក់ជូនទៅថ្នាក់ដឹកនាំពិនិត្យនិងសម្រេច»។

វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីតំណាងក្រុមហ៊ុន និងអាជ្ញាធរខេត្តស្វាយរៀងបានទេ ចំពោះករណីនេះ។

អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលឃ្លាំមើលការដើរដាក់ញត្តិរបស់ប្រជាពលរដ្ឋនេះ មានប្រសាសន៍ថា អាជ្ញាធរថ្នាក់លើគួរតែចុះពិនិត្យមើលដល់កន្លែងមានបញ្ហា និងដោះស្រាយជូនពលរដ្ឋឲ្យបានឆាប់ ដើម្បីឲ្យពលរដ្ឋអាចចូលអាស្រ័យ ផលបានព្រោះថា ជិតដល់រដូវបង្ករបង្កើនផលហើយ។

មួយទៀតនោះលោក ថេង សាវឿន ស្នើឲ្យអាជ្ញាធរថ្នាក់លើ គួរមានវិធានការចំពោះអាជ្ញាធរថ្នាក់ក្រោមណាដែលធ្វើការមិនត្រឹមត្រូវ ដោយថា បើមិនដូច្នេះទេ អាចនឹងធ្វើឲ្យប៉ះពាលដល់សំឡេងឆ្នោតដែលត្រូវបោះខាងមុននេះ។

លោថា៖ «ប្រសិនបើអាជ្ញាធរថ្នាក់លើមិនជំរុញ ដំណើរនៃការដោះស្រាយជូនកសិករឲ្យ បានឆាប់ទេ បែរជាឲ្យក្រុមហ៊ុនមកសំរុកឈួសឆាយយកដីរបស់កសិករអញ្ចឹង ខ្ញុំថាវាមិនផ្តល់ ភាពចំនេញសម្រាប់អាជ្ញាធរមូលដ្ឋានជាពិសេសឃុំសង្កាត់ណាដែលកំពុងធ្វើការប្រគួតប្រជែង ក្នុងដំណើរការនៃការបោះឆ្នោតហ្នឹងធ្វើឲ្យខាតសន្លឹកឆ្នោតទៅវិញទេ ផ្ទុយទៅវិញប្រសិនបើ អាជ្ញាធរក្រសួងនិងអាជ្ញាធរខេត្តគួរតែធ្វើការចុះដោះស្រាយដើម្បីទាក់ទេញការគាំទ្រពីកសិករ ក្នុងការបោះឆ្នោតជូន បើមិនដូច្នេះទេខ្ញុំគិតប្រជាពលរដ្ឋគាត់មិនបោះឆ្នោតជូនសមាជិកគណ បក្សដែលធ្វើការឈូសឆាយដីរបស់ពលរដ្ឋនោះទេ ព្រោះដីជាជីវិតរបស់កសិករនៅមូលដ្ឋាន»។

ក្រុមពលរដ្ឋអះអាងថា ប្រសិនបើមិនមានដំណោះស្រាយទេពួកគេនឹងនាំគ្នាឡើងមកតវ៉ានៅរាជធានីភ្នំពេញម្តងទៀត។

គួររំលឹកថា យុទ្ធនាការដើរដាក់ញត្តិទាមទាររកដំណោះស្រាយជម្លោះដីធ្លីនៅថ្ងៃនេះ ក៏មានពលរដ្ឋមកពីខេត្តកណ្តាលមួយចំនួនចូលរួមផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ