កម្ពុជាស្នើទៅសហរដ្ឋអាមេរិកធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមួយ ពាក់ព័ន្ធនឹងការបញ្ឈប់បញ្ជូនអ្នកទោសខ្មែរត្រឡប់មកបាតុភូមិកម្ពុជាវិញ ដោយថាឲ្យស្របតាមគោលការមនុស្សធម៌ និងសិទ្ធិមនុស្ស។
កាលពីឆ្នាំ២០០២ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងមួយ ដោយសម្រេចបញ្ជូននិងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ដោយកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តបទឧក្រិដ្ឋ ឱ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់ក្រុមនិស្សិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មថា កិច្ចព្រមព្រៀងរវាងកម្ពុជា-អាមេរិក ខាងលើនេះ មិនលុបចោលទេ ប៉ុន្តែភាគីកម្ពុជានឹងស្នើឲ្យអាមេរិកធ្វើវិសោធនកម្មឡើងវិញលើចំណុចខ្លះ ក្រោមហេតុផលមនុស្សធម៌ និងសិទ្ធិមនុស្ស។
លោក ហ៊ុន សែន ថ្លែងទៀតថា ពលរដ្ឋខ្មែរ ដែលបានដាក់ពន្ធនាគារ និងផ្តន្ទាទោសរួចហើយ គួរតែអនុញ្ញាតឲ្យពួកគេ បានបន្តរស់នៅជួបជុំគ្រួសារ លើទឹកដីអាមេរិកបន្តទៀត ខណៈអាមេរិកដែលតាំងខ្លួនជាបិតាសិទ្ធិមនុស្ស គួរទទួលយកសំណើធ្វើវិសោធនកម្មស្តីពីកិច្ចព្រមព្រៀងនេះ។
លោកថ្លែងថា៖ «នៅពេលដែលគេបញ្ជូនអ្នកជាប់គុក មកកាន់ប្រទេសកម្ពុជា កូនប្រពន្ធត្រូវបន្តរស់នៅអាមេរិក នេះគឺជាការបែកបាក់ដ៏គួរឲ្យអាណិត ហើយបើនិយាយពីសិទ្ធិវិញ វាក៏ជាផ្នែកមួយនៃសិទ្ធិមនុស្សដែលកម្ពុជាត្រូវចូលរួមចំណែក ដើម្បីរកឲ្យពលរដ្ឋរបស់ខ្លួន យើងចង់ធ្វើវិសោធនកម្ម [កិច្ចព្រមព្រៀង] ព្រោះនេះ ជាការបែកបាក់រហូតមួយជីវិតហើយ ទទួលទោសនៅអាមេរិករួចហើយ គួរតែត្រូវបានបន្តឲ្យស្នាក់នៅជួបជុំគ្រួសារនៅនឹងអាមេរិកម្តងទៅ»។
អ្នកនាំពាក្យស្ថានទូតអាមេរិក លោក ជេ រ៉ាយម៉ាន់ (Jay R. Raman) ឲ្យ VOD ដឹងតាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា អាមេរិកនឹងពិភាក្សាលើការវិសោធនកម្មកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរនេះនៅប៉ុន្មានខែខាងមុខ បន្ទាប់ពីមានការស្នើឡើងដោយកម្ពុជា។
នៅពេលសួរថា តើអាមេរិកអាចនឹងបញ្ឈប់បញ្ជូនអ្នកទោសខ្មែរមកមាតុភូមកំណើតវិញឬយ៉ាងណា? លោក លោក រ៉ាយម៉ាន់ ឆ្លើយតបតាមសារអេឡិចត្រូនិចយ៉ាងខ្លីថា វាអាស្រ័យភាគីណាមួយជាអ្នកស្នើឡើងដើម្បីបង្កើតគណៈកម្មាធិកាចម្រុះមួយ ដើម្បីសម្រេចលើករណីនេះ។
អ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ យល់ថា ការស្នើសុំរបស់កម្ពុជាឲ្យអាមេរិកបញ្ឈប់បញ្ជូនអ្នកទោសខ្មែរត្រឡប់មកបាតុភូមិកម្ពុជាវិញ ក្រោមហេតុផលមនុស្សធម៌ និងសិទ្ធិមនុស្ស ជាការល្អ ប៉ុន្តែលោកថា មុននឹងស្នើសុំទៅអាមេរិក គឺកម្ពុជាគួរតែអនុវត្តគោលការប្រជាធិបតេយ្យឲ្យបានពេញលេញជាមុនសិន ខណៈមន្ត្រីសិទ្ធិមនុស្សមួយចំនួនកំពុងជាប់ពន្ធនាគារនៅឡើយ ដោយការឃុំខ្លួននេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្រោមសម្ពាធអ្នកនយោបាយ។
លោកថា៖ «និយាយរួមកម្ពុជា ត្រូវបំពេញកាតព្វកិច្ចផ្នែកសិទ្ធិមនុស្សឲ្យបានល្អ ម្មត់ចត់នៅកម្ពុជា ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរអាមេរិកកំាង ដែលមានបញ្ហាផ្សេងៗបញ្ជូនមកវិញ ត្រូវតែជាកាតព្វកិច្ចរបស់សហរដ្ឋអាមេរិក គាត់ធ្វើដោយខ្លួនឯងទៅ»។
បើតាមក្រសួងការបរទេសកម្ពុជា គោលបំណងលើការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ គឺឆ្លើយតប ចំពោះទិដ្ឋភាព២ គឺទិដ្ឋភាពមនុស្សធម៌និងមេត្តាធម៌ ក្នុងការបញ្ជូនប្រជាជនកម្ពុជាមកមាតុភូមិវិញ។
របាយការណ៍ក្រសួងឲ្យដឹងថា គិតត្រឹមខែកុម្ភៈឆ្នាំ២០១៧ អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរ៥៥០នាក់ ត្រឡប់មកកម្ពុជាវិញ គឺចាប់តាំងពីភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងបញ្ជូននិងទទួលយកពលរដ្ឋខ្មែរឆ្នាំ២០០២៕









