អ្នកសារព័ត៌មាន៦នាក់​នៅ​ខេត្ត​រតនគិរី​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់ពីឃាត់ខ្លួនរយៈពេលខ្លី

អ្នកសារព័ត៌មាន៦នាក់ត្រូវនគរបាលប៉ុស្ដិ៍ឃុំលំជ័រឃាត់ មិនឲ្យយកព័ត៌មានបទល្មើស​(រូបភាពពី​ហ្វេស​ប៊ុក​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ)

អ្នកយកព័ត៌មាន​ប្រចាំ​ខេត្ត​រតនគិរី បាន​ឲ្យដឹងថា សមត្ថកិច្ចខេត្ដនេះ បានដោះលែងអ្នកសារព័ត៌​មាន ៦រូបវិញហើយ បន្ទាប់ពីហៅសួរនាំ​ករណី​ពួក​គេ​ថត​រូប​ភាព​សមត្ថកិច្ច​ប៉េអឹមខេត្ត​នេះ​ដឹកជញ្ជូន​បទល្មើសព្រៃឈើ កាលពីយប់​មិញ​នេះ។

កាលពីយប់​ថ្ងៃទី២៩ ខែមេសានេះ អ្នកសារព័ត៌មានចំនួន ៦នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ​លំជ័រ ស្រុកអូរយ៉ាដាវ ឃាត់ខ្លួនសួរនាំ ខណៈពួកគេថត​រូបភាព​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ចូល​ផ្ទះមន្ត្រីកងរាជអាវុធហត្ថ លោក ផាត់ គីមហួរ។

អ្នកកាសែតមួយរូបប្រចាំខេត្ដរតនៈគិរី ដែលសុំមិនប្រាប់ស្ថាប័ន លោក ឈីន ម៉ៅ ប្រាប់វីអូឌី​នៅ​ថ្ងៃ​នេះថា សមត្ថកិច្ចនគរបាល​ឃុំលំជ័រ បានដោះលែងរូប​លោក និង​អ្នក​កាសែត​ដទៃ​ទៀត​វិញហើយ ​បន្ទាប់ពីឃាត់ខ្លួនរយៈពេលខ្លី។

អ្នកយកព័ត៌មានរូបនេះ បានចោទមន្ដ្រីនគរបាលប៉ុស្ដិ៍នោះថា ការឃាត់ខ្លួនពួកគេ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីងាយស្រួលធ្វើសកម្មភាពដឹកជញ្ជូនឈើ​ខុសច្បាប់។ លោកបន្ដ​ថា សមត្ថកិច្ចនគរបាលនៅតំបន់នោះ បានកាងបទល្មើសព្រៃឈើ  ខណៈការរកស៊ីឈើខុសច្បាប់កើត​មាន​ជារៀងរាល់ថ្ងៃ។

បើតាមអ្នកសារព័ត៌មាន ឲ្យដឹងថា សមត្ថកិច្ច​បានសួររកលិខិតបេសសកម្ម និងបណ្ដេញចេញពីតំបន់មានបទល្មើសព្រៃឈើនោះ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានឲ្យពួកគេ​ដេកក្នុងរថយន្ដ និងមិនឲ្យយកព័ត៌មាននៅក្នុងស្រុកអូយ៉ាដាវ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ