អ្នកធ្វើការលើកកម្ពស់សិទ្ធិការងារ និងកម្មករច្រើនរយនាក់ ក្នុងពិវាពលកម្មអន្តរជាតិថ្ងៃនេះ បានប្រគល់ញត្តិ ដល់ដៃតំណាងរាស្ត្រ តាមការគ្រោងទុក ដោយជំរុញឲ្យបញ្ឈប់ ការប្រើកងកម្លាំង និងតុលាការ គាបសង្កត់ អ្នកតស៊ូមតិ ទាមទារលក្ខខណ្ឌការងារ។
ក្នុងទិវាពលកម្មអន្តរជាតិ១ឧសភានេះ កម្មករយ៉ាងតិច៩វិស័យ មានវិស័យកាត់ដេរ ដេរស្បែកជើង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំណីអាហា បរិស្ថាន និងវ័យសំណង់ជាដើម ពួកគ្រោងជួបជុំគ្នា សម្តែងមតិ ដូចឆ្នាំមុនៗ ដើម្បីថ្លែងពីទុក្ខលំបាក របស់ពួកគេ និងស្វែងរកដំណោះស្រាយ ។ប៉ុន្តែគម្រោងហែញត្តិនោះ ត្រូវអាជ្ញាធររាប់សិបនាក់ បំពាក់ដោយខែលនិងដំបងឆក់ ដាក់របាំងរារាំង។សំឡេង
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ដែលតាមដានករណីនេះ លើកឡើងថា ការរាំងនេះ បានប៉ះពាល់មុខមាត់រដ្ឋាភិបាល ខណៈកម្ពុជាប្រកាសថា គោរពលទ្ធិប្រជាធិបតេយ្យ។
លោក មឿន តុលា ជំរុញឲ្យអាជ្ញាធរ គួបំពេញតួនាទី តាមគោលការណ៍ច្បាប់ ជាជាងបង្ហាញសាច់ដុំ គំរាមដល់សេរីភាពបញ្ចេញមតិដោយសន្តិវិធី ដែលប្រាសចាកពីស្មារតីរដ្ឋធម្មនុញ្ញនោះ។
ប្រធានសម្ព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា ដែលចូលរួមប្រារពពិធីនោះ បង្ហាញការខកចិត្ត ដោយអះអាងថា ចំណាត់ការនេះហាក់ ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។
លោកថា៖«យើងអាចមើលឃើញថាបញ្ហាជាតិ បញ្ហាប្រជាពលរដ្ឋ បញ្ហាកម្មករនិយោជិតអត់ត្រូវបានដោះស្រាយទេ ដោយសាតតែឱកាសរបស់ពលរដ្ឋជួបជាមួយតំណាងរាស្ត្ររបស់ខ្លួននឹងត្រូវបានកាត់ផ្តាច់ត្រូវបានរារាំង។បើយើងមើលនៅក្នុងសង្គមប្រជាធិបតេយ្យ គាត់ជាអ្នកបោះឆ្នោតឲ្យតំណាងរាស្ត្រ ដើម្បីយកទៅជជែកយកទៅពិភាក្សា ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ពួកគាត់ ហើយបើសិនជាសាររបស់ពលរដ្ឋមិនត្រូវទៅដល់តំណាងរាស្ត្រ អាហ្នឹងជាការរំលោភសិទ្ធិ្ធធ្ងន់ធ្ង នៅក្នុងបរិបទសង្គមប្រជាធិបតេយ្យ»។
ទោះជាយ៉ាងណា ក្រោយពីអ្នកប្រារព្ធពិធី ធ្វើការតស៊ូមតិច្រើនម៉ោង អាជ្ញាធរបានបើកផ្លូវឲ្យក្បួនដង្ហែរ បានទៅសម្តែងមតិនៅចម្ងាយប្រមាណជា២០ម៉ែត្រពីមន្ទីរដ្ឋសភា។
ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ច្បាប់សហជីពដែលរដ្ឋសភាបានអនុម័តដាក់ឲ្យប្រើប្រាស់ជាង១មួយឆ្នាំមកនេះ លោកថាមានជាង១០មាត្រា រារាំងដល់សេរីភាពបង្កើតសហជីព និងការធ្វើសកម្មភាពទាមទារលក្ខខណ្ឌការងារ ។លោកស្នើឲ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់នោះឡើងវិញ។
លោក អាត់ ធន់ លើកឡើងទៀតថា សកម្មភាពទាមទារលក្ខខណ្ឌខ្លះ ត្រូវបានក្រុមហ៊ុនខិលខូចមួយចំនួន ប្រើកងកម្លាំង និងតុលាការគំរាមមន្ត្រីសហជីពទៀតផង ។
លោកថា៖«យើងដឹងហើយថា ថ្នាក់ដឹកនាំសហជីព កម្មករនិយោជិត កន្លងមកយើងប៉ះទង្គិចជាមួយជើងកាងរោងចក្រ ជាមួយថៅកែក្រុមហ៊ុនខូច ជាមួយអាជ្ញាធរខិលខូចមួយចំនួន និងមន្ត្រីមួយចំនួន ចាប់ដាក់គុកដាក់ពន្ធនាគារ ប្តឹងទៅតុលាការ បញ្ឈប់ពីការងារទាំងអយុត្តិធម៌ តើបងប្អូនឈឺចាប់ទេ?»។
មន្ត្រីសហជីពមួយរូបទៀត បង្ហាញការខកចិត្តដែរថា រដ្ឋសភា គួជំរុញរដ្ឋាភិបាលឲ្យគោរពច្បាប់ និងជំរុញឲ្យដោះស្រាយបញ្ហាដែលពលរដ្ឋជាម្ចាស់ឆ្នោតកំពុងជួបប្រទះ ដោយថាមិនគួបបណ្តោយឲ្យអាជ្ញាធរ របស់រដ្ឋាភិបាលជាស្ថាប័នអនុវត្តច្បាប់រារាំងដល់សេរីភាពបញ្ចេញមតិដោយសន្តិវិធីដូចពេលនេះទេ។
លោកថា៖«រដ្ឋសភាជាតិអ្នកតាក់តែងច្បាប់ គួតែពិនិត្យមើលទៅលើការរស់នៅ ពិនិត្យមើលទៅលើលក្ខខណ្ឌការងារ ដែលកម្មករពួកយើងកំពុងតែជួបបញ្ហាទាំងអស់ហ្នឹង។មិនអាចទៅអង្គុយហើយ ដល់គ្មាមកគ្រាន់តែចង់ប្រាប់ថាគ្មានកំពុងពិបាក ក៏មករារាំងគ្នាដែរ។អាហ្នឹងមានន័យថាម៉េច ?មានន័យថា កំពុងមើលងាយនូវការឈឺចាប់របស់កម្មករហើយ»។
តំណាងរាស្ត្រមួយរូបមកពីគណបក្សប្រជាជនកម្ពុជា លោកស្រី ឡោក ខេង បានចេញមកទទួលញត្តិ និងបានសន្យាដូចពេលមុនៗថា និងយកបញ្ហាទាំងនេះ ជម្រាមទៅថ្នាក់ដឹកនាំមានប្រធានរដ្ឋសភាលោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វែងរកដំណោះស្រាយ។
លោកថា ស្រីថា៖«ខ្ញុំនឹងពាំនាំទាំងអស់យកទៅសម្តេចប្រធានរដ្ឋសភា ដើម្បីផ្ញើជូនទៅសម្តេច នាយករដ្ឋមន្ត្រីហើយដើម្បីសម្របសម្រួល ជាបន្តបន្ទាប់នៅក្នុងបរិបទនៃការអភិវឌ្ឍប្រទេសជាតិយើង»។
បើតាមញត្តិ ពួកគេបានស្នើទៅរដ្ឋសភា ត្រូវបង្កើតច្បាប់ធានាប្រាក់ឈ្នួលគោលដល់កម្មករសំណង់ និងវិស័យទេសចរណ៍។បញ្ឈប់ឲ្យនិយោជក ប្រើកិច្ចសន្យាខ្លី បង្កើតតុលាការការងារមានលក្ខណឯករាជ្យ បង្កើតទីផ្សារកសិករ និងបង្កើតជំនាញនិងការងារសមរម្យ សម្រាប់ស្តី និងយុវជនជាដើម។









