លោក ជុន ច័ន្ទបុត្រ មិនចូលបំភ្លឺនៅតុលាការ

នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី (ហ្វេសប៊ុករបស់លោក)

នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ហួត វុទ្ធី ឬហៅ លោក ជុន ច័ន្ទបុត្រ មិនចូលបំភ្លឺតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះទេ​។​

សេចក្តីថ្លែងការណ៍កាលពីម្សិលមិញ អាស៊ីសេរីឲ្យដឹងថា លោក ជុន ច័ន្ទបុត្រ មិន​វិល​ត្រឡប់​​មកប្រទេស​កម្ពុជា​វិញ​ទេ  បន្ទាប់ពី​ចាក​ចេញ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​។

សេចក្តីថ្លែងការណ៍បន្តថា  អាជ្ញាធរ​បាន​ជ្រើស​រើសយក​​ករណី​ប្រឆាំង​រូប​លោក  មក​ធ្វើ​ជា​រឿង​នយោបាយ ​ក្នុង​ចេតនា​បង្វែង​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​​ពល​រដ្ឋ​ខ្មែរ​ក្នុង​ពេល​ប្រកួត​ប្រជែង​ដ៏​ស្វិត​ស្វាញ​​នា​រដូវ​កាល​បោះ​ឆ្នោត។​

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ពីការបារម្ភចំពោះសុវត្ថិភាព និងគ្មានជំនឿលើការអនុវត្តច្បាប់មកលើ លោក ជុន ច័ន្ទបុត្រ។

សេចក្តីថ្លែងការណ៍បន្តទៀតថា​ អាស៊ី​សេ​រី​ មិន​ចង់​ឲ្យ​លោក​ស្ថិតក្នុង​ស្ថាន​ភាព​ប្រថុយ​គ្រោះ​ថ្នាក់ ​និង​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​ក្រុមការងារ។

អាស៊ី​សេរី​ នៅ​តែ​ប្រកាន់​ជំហរ​ថា​ លោក ​ហួត​ វុទ្ធី ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទាំង​អស់ ​និងថាទង្វើរបស់អាជ្ញាធរ បង្ហាញ​ឲ្យ​ឃើញនូវ​ស្ថាន​ភាព​ដ៏​អាក្រក់​ នៃ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​។

លោក ឌុន វិបុល មេធាវីរបស់លោក​ ជុន​ ចន្ទ័បុត្រ​ នៅព្រឹកនេះបានដាក់ឯកសារជូនសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ហើយ «ទោះបីជាកូនក្តីខ្ញុំបាទនៅឆ្ងាយក៏ដោយ ប៉ុន្តែដោយសារមធ្យោបាយទាក់ទងបាន ដូច្នេះហើយគាត់ក៏បានផ្ញើរនូវចម្លើយដោះសារពីការចោទប្រកាន់ដែលថាគាត់បន្លំខ្លួនចូលពន្ធនាគារហ្នឹង  គឺថាអង្គេហតុខ្ញុំបានដាក់ជូនតុលាករហើយ ហើយតំណាងអយ្យការខ្ញុំក៏បានចូលជួបផ្ទាល់ជាមួយ លោក សៀង សុខ ពន្យល់អំពីហេតុផលដែលខ្ញុំមកដោយមិនមានកូនក្តី»

បន្ទាប់ពីទទួលឯកសារពីមេធាវី នៅថ្ងៃទី២ ឧសភា ២០១៧ ដដែលនេះ អយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ដោយថា «ដើម្បីជាវិធានការសំរាប់ធានានិងផ្តល់ប្រយោជន៍ដល់ចំណាត់ការស៊ើបអង្កេតសំណុំរឿងរួមទាំងការសាកសួរចម្លើយទៅលើជនសង្ស័យ ដែលមានចេតនាគេចវេសមិនចូលខ្លួនតាមការកោះហៅ និងមិនគោរពតាមការសន្យារបស់ខ្លួននៅចំពោះមុខអយ្យការនោះ តំណាងអយ្យការសម្រេចចេញដីការឲ្យចូលឲ្យខ្លួនទៅលើឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យដោយអនុវត្តស្របតាមបទបញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌនិងសម្រេចបន្តចំណាត់ការលើសំណុំរឿងនេះ ស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន»

ជាមួយគ្នានេះដែរ ព្រះរាជអាជ្ញារង លោក សៀង សុខ បានចេញដីកាបញ្ជា បង្គាប់ឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួន លោក ជុន ច័ន្ទបុត្រ មកបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រហូតដល់មានសេចក្តីសម្រេចថ្មីស្តីពីដំណើររឿង ផ្តល់សេចក្តីសម្រេចភូតកុហក បន្លំខ្លួនចូលពន្ធនាគារ ប្រព្រឹត្តនៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

របាយការណ៍របស់អ្នករាយការណ៍គ្មានពំ្រដែនស្ដីពី«សន្ទស្សន៍សេរីភាពសារព័ត៌មាន»  ចេញផ្សាយកាលពីចុងខែមេសាឆ្នាំ២០១៧ បានចាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជាថា កាន់ តែអាក្រក់ ដោយអង្គការនេះរកឃើញថា កម្ពុជាបានធ្លាក់ចុះ៤ចំណាត់ថ្នាក់ ពីលេខ១២៨នៅឆ្នាំ២០១៦ មកលេខ១៣២នៅឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ