អាជ្ញាធរ​ខេត្ត​សៀមរាប​ថា មនុស្ស​៦៧​នាក់​ស្លាប់​ ១២៩​នាក់​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុ​ផ្សេងៗ

អាជ្ញាធរ​ខេត្ត​សៀមរាប បានឲ្យដឹង​ថា មនុស្ស ៦៧​នាក់ បាន​ស្លាប់ និង ១២៩​នាក់​ទៀត​បាន​រង​របួស ខណៈ​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ជាច្រើន​ បាន​រង​ការ​ខូច​ខាត នៅ​ក្នុង​គ្រោះ​ឧបទ្ទវហេតុ​ផ្សេងៗ នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ។

អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ថ្លែងក្នុងទិវាកាកបាទក្រហមកម្ពុជាលើកទី១៥៤ ដែលធ្វើឡើងនៅសៀមរាប កាលពីព្រឺកថ្ងៃ​នេះ​ថា ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ដល់​ខែ​មេសាឆ្នាំ​នេះ គ្រោះ​មហន្តរាយ​ និង​ឧបទ្ទ​វហេតុ​ផ្សេង បាន​កើត​ឡើង ១៤៧៥​ករណី។ លោក​បន្ត​ថា គ្រោះ​អគ្គីភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ ៦៥​គ្រួសារ ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​បណ្ដាល​ម្នាក់​រង​របួស។

លោក​បាន​ឲ្យ​ទៀត​ថា ខណៈ​ដែល​ខ្យល់​កន្ត្រាក់ បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ២០០​គ្រួសារ​នោះ មនុស្ស​ដល់​ទៅ ១១​នាក់ ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ ហើយ​មនុស្ស ២៣​នាក់​បាន​រង​របួស ហើយ​មនុស្ស​ចំនួន ៤៧​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​រយៈ​ពេល​នោះ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ត្រូវ​បាន​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា មនុស្ស​យ៉ាង​តិច ២៣​នាក់ បាន​ស្លាប់ ហើយ ៤៤​នាក់​ទៀត​បាន​រង​របួស ​ដោយសារ​បាតុភូត​រន្ទះ​បាញ់ និង​ខ្យល់​កន្ត្រាក់ នៅ​ក្នុង​រយៈ​ពេល ៤​ខែ​ដើម​ឆ្នាំ​២០១៧​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ