រោង​ម៉ាស៊ីន​កិន​ស្រូវ​សហគមន៍​នៅ​កំពង់ធំ​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង

រោង​ម៉ាស៊ីន​កិន​ស្រូវ​សហគមន៍​មួយខេត្ត​កំពង់ធំ ត្រូវ​ខ្យល់​កន្ត្រាក់​បោក​បក់​បំផ្លាញ​ស្ទើ​(រូបថត​មន្ត្រី​ JICA)

រោង​ម៉ាស៊ីន​កិន​ស្រូវ​សហគមន៍​មួយ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ត្រូវ​ខ្យល់​កន្ត្រាក់​បោក​បក់​បំផ្លាញ​ស្ទើ​តែ​ទាំង​ស្រុង កាល​ពីថ្ងៃ​ទី​០៣ខែ​ឧសភា ដែល​នាំ​ឲ្យ​សង្វាក់​ផលិតកម្ម​អង្ករ​ត្រូវ​ផ្អាក​ទាំង​ស្រុង។

ប្រធាន​សហគមន៍​កសិកម្មសាន់គរ​មានជ័យ លោក រំ ជើប បាន​ប្រាប់វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា ដំបូង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទំហំ២០​គុណ​នឹង៥០​ម៉ែត្រ ​ផលិត​ពី​ស័ង្កសី​មាន​តម្លៃ​ជាង៨​ម៉ឺន​ដុល្លារ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ក្បិល ឃុំ​សាន់គរ បាន​ដួល​រាប​ដល់​ដី ក្រោយ​រង​ការ​បោក​បក់​ពី​ខ្យល់​កន្ត្រាក់​កាល​ពី​ម៉ោង៦​កន្លះ​ល្ងាច​ថ្ងៃ​ទី​០៣ខែ​ឧសភា។

លោក​បន្ថែម​ថា ប៉ុន្តែ ឡសម្ងួត និង​​ម៉ាស៊ីន​កិនស្រូវ​តម្លៃ៥០​ម៉ឺន​ដុល្លារ ដែល​ជា​ជំនួយ​របស់​ទីភ្នាក់ងារ​​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅកាត់​ថា JICA នោះ បាន​រង​ការ​ខូច​ខាត​តិច​តួច​ប៉ុណ្ណោះ។

បើ​តាម​ប្រធាន​សហគមន៍​កសិកម្ម​រូប​នេះ រោងម៉ាស៊ីន​កិន​ស្រូវ​សហគមន៍​សាន់គរ​មានជ័យ​នេះ ត្រូវ​បាន​បើក​ដាក់​ឲ្យដំណើរ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ និង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​នៅ​​ក្នុង​ស្រុក​កំពង់ស្វាយ។

លោក រំ ជើប បាន​ឲ្យ​ដឹង​ទៀត​ថា ទីភ្នាក់ងារ JICA របស់​ជប៉ុន គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ប៉ុន្តែ លោក​ពុំ​ទាន់​ដឹង​ថា តើ​ទីភ្នាក់ងារ JICA ជប៉ុន នឹង​ពិចារណា​ជួយ​កសាង​រោង​ម៉ាស៊ីន​នោះ​ឡើង​វិញ ឬ​យ៉ាង​ណា​នោះ​ទេ។

អធិការនគរបាល​​ស្រុក​កំពង់ស្វាយ លោក ខេន ឈុនគ័រ បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា ក្រៅ​ពី​បំផ្លិច​បំផ្លាញ​រោង​ម៉ាស៊ីន​កិន​ស្រូវ​របស់​សហគមន៍​ខាង​លើ ខ្យល់​កន្ត្រាក់​ក៏​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ១៨៣​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន ៥ ក្នុង​ស្រុក​របស់​លោក​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ