បង​ប្រុស​លោក ហ៊ុន សែន ស្វែង​រក​អន្តរាគមន៍​ពី​លោក ស ខេង ក្នុង​រឿងវិវាទ​ដី​ធ្លី​

បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន សាន ថ្មីៗ​នេះ បាន​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ជួយ​ទប់​ស្កាត់ការ​ប្រើ​អំណាច​របស់​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រសួង​មហាផ្ទៃ ដោយ​ចោទ​ថា មន្ត្រី​នគរបាល​រូប​នោះ តែង​តែ​ការពារ​ជន​ល្មើស​ នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០២ខែ​ឧសភា ដែល​ផ្ញើ​ទៅ​លោក ស ខេង លោក ហ៊ុន សាន បាន​រៀប​រាប់​ប្រាប់​ទៅ​លោក ស ខេង ថាមន្ត្រី​ក្រោម​បង្គាប់​របស់​រដ្ឋ​មន្ត្រី​មហាផ្ទៃ​រូប​នេះ បាន​គំរាម​កំហែង​លើ​រូប​លោក ក្រុម​គ្រួសារ និង​សហការី អំឡុង​ពេល​ចុះ​ទៅ​រៀប​ចំ​អភិវឌ្ឍន៍​លើ​ដី​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

បងប្រុស​បង្កើត​របស់​លោក​នាយករដ្ឋ​មន្ត្រី​រូប​នេះ បាន​ចោទ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ លោក ម៉ក់ ជីតូ ថា តែង​តែ​ការពារ​ជន​ល្មើស​ ដែល​លោក ហ៊ុន សាន ថា ពួកគេ​បាន​រំលោភ​យក​ដី​របស់​លោក និង​ដី​កូន​ប្រុស​របស់​លោក។

ក្នុង​លិខិត​ដដែល​នោះ ដែល​ភ្ជាប់​ជាមួយ​នូវ​ក្បាល​លិខិត “ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន” និង “សហគ្រាស​សាធារណៈ ភ្នាក់ងារ​កម្ពុជា​នាវាចរ កាំសាប” ផង​នោះ លោក ហ៊ុន សាន បាន​ស្នើ​ទៅ​លោក ស ខេង ឲ្យ​ថ្កោល​ទោស និង​ចាត់​វិធានការ “ម៉ឺងម៉ាត់”​ ទៅ​លើ​លោក ម៉ក់ ជីតូ ដោយ​បាន​ចោទ​ថា មន្ត្រី​នគរបាល​ជាន់​ខ្ពស់​រូប​នេះ តែង​តែ​ប្រើ​អំណាច​កៀប​សង្កត់​ជិះ​ជាន់​អ្នក​ស្លូត​ត្រង់ ដើម្បី​ផល​ប្រយោជន៍ និង​បក្ខ​ពួក​ខិល​ខូច​មួយ​ក្ដាប់​តូច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ