រដ្ឋាភិបាលបានសហការជាមួយក្រុមហ៊ុន ឯកជនក្នុងវិនិយោគលើការសាងសង់អាគារ ពន្ធនាគារ សម្រាប់អប់រំកែប្រែអ្នកញៀនថ្នាំ និងថែទាំសុខភាពសម្រាប់អ្នកជាប់ឃុំទាំងឡាយណា ដែលមានលទ្ធភាពអាចបង់សេវាតាមការកំណត់ណាមួយ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនគន្ធរីខុន ហូលឌីង បានធ្វើពិធីបញ្ជុះបឋមសីលាសាងសង់អគារពន្ធនាគារបង់លុយនេះកាលពីថ្ងៃអង្គារម្សិលមិញ។ ពន្ធនាគារបង់លុយនេះ ធ្វើនៅមជ្ឈមណ្ឌលអប់រំកែប្រែទី១ ដែលគ្រោងចំណាយថវិកាអស់ជាង៤លានដុល្លារអាមេរិក។
ពន្ធនាគារបង់លុយនេះ មានផ្តល់សេវាកម្ម ស្នាក់នៅសម្រាប់ជនជាប់ឃុំ សេវាកម្មសុខាភិបាលសម្រាប់ ជនជាប់ឃុំដោយរួមបញ្ជូលទាំងសេវាផ្តាច់គ្រឿងញៀន និងសេវាកម្មផ្គត់ផ្គង់អាហារ និងសម្ភារជាដើម។
បើតាមលោក យ៉ាវ ចេងមិញ អគ្គនាយករងក្រុមហ៊ុនគន្ធរីខុនហូលឌីង បានឲ្យដឹងថា ដំណាក់កាលទី១ គឺសាងសង់អាគារចំនួនពីរ គឺអាគារសម្រាប់ឃុំខ្លួនមួយ និង អគាររដ្ឋបាល និងអគារស្តារនីតិសម្បទាសម្រាប់អ្នកជាប់ឃុំដែលមានផ្ទុកសារជាតិញៀន។លោកបន្តថា អគារថ្មីមួយនេះ គឺអាចមានលទ្ធភាពផ្ទុកអ្នកជាប់ពន្ធនាគារចំនួន១២០០នាក់ ដែលតាមការគ្រោងទុកនឹង បញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០១៨។









