រដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានចោទប្រកាន់អង្គការសង្គមស៊ីវិលមួយចំនួនថាធ្វើការបម្រើឲ្យបរទេស ដោយទទួលយកថវិកាពីប្រទេសទាំងនោះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់គណបក្សប្រជាជន។
ក្នុងបទបង្ហាញស្ដីពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបទេសរបស់កម្ពុជា រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ លោក បា្រក់ សុខុន ហាមមិនឲ្យអ្នកសារព័ត៌មានថតសំឡេងនៅក្នុងបទបង្ហាញនោះទៅចាក់ផ្សព្វផ្សាយជាសារធារណនោះទេ។ នៅក្នុងបទបង្ហាញនោះដែរ លោក ប្រាក់ សុខុន បានថ្លែងថា អង្គការសង្គមស៊ីវិលមួយចំនួនទទួលថវិកាពីបរទេស ហើយបម្រើឲ្យបរទេស។
លោកថា «អង្គការសង្គមស៊ីវិលបច្ចុប្បន្នធ្វើការឲ្យបរទេស តាមរយៈការផ្ដល់ជាកញ្ចប់ថវិកាពីប្រទេសទាំងនោះ»។
ទោះជាយ៉ាងណា លោកមិនបានលើកយករណីជាក់លាក់ណាមួយមកបញ្ជាក់នោះទេ ចំពោះការចោទប្រកាន់នោះឡើយ។
ក្រោយមកពីមានការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី និងមន្ត្រីបក្សប្រឆាំងកន្លងមក ក្រុមអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិជាច្រើនបានលើកឡើងថារដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រព័ន្ធតុលាការធ្វើជាឧបករណ៍ដើម្បីទប់ស្កាត់ទៅអ្នកដែលហ៊ានរិះគន់។
អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា ចាត់ទុកកាលើកឡើងរបស់រដ្ឋាភិបាលកម្ពុជាថា មិនត្រឹមត្រូវ ដោយថាមិនមែនតែអង្គការក្រៅរដ្ឋាភិបាលទេ ដែលយកជំនួយពីបរទេសនោះកន្លងមក រដ្ឋាភិបាលក៏ទទួលយកជំនួយពីបរទេសដែរ។ លោកបន្តថា រដ្ឋាភិបាលគួរតែបើចិត្តឲ្យទូលាយទទួលយកពាក្យរិះគន់ទាំងអស់នោះ ដោយសារការរិះគន់របស់អង្គការសង្គមស៊ីវិលនិងម្ចាស់ជំនួយ គឺចង់ឲ្យប្រទេសកម្ពុជាមានភាពរីកចម្រើន មិនមែនរុញកម្ពុជាឲ្យធ្លាក់ទៅសម័យប៉ុលពតនោះទេ។
លោកថា «អ្នកណាយកលុយបរទេសបម្រើឲ្យបរទេសនោះ គឺមិនត្រឹមត្រូវនោះទេ ចឹងមានន័យថាស្ថាប័នគាត់ដែលទទួលលុយពីបរទេសកន្លងមកក៏ជាអ្នកបម្រើឲ្យបរទេសផងដែរ យើងយលថា ធ្វើដើម្បីបុព្វហេតុនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ។ ប្រទេសហត្ថលេខីទាំងអស់នោះ ផ្ដល់ជំនួយតាមគោលការណ៍នៃកិច្ចសន្យារបស់ខ្លួនដែលខ្លួននឹងស្ដារប្រទេសកម្ពុជាឡើងវិញតាមរយៈការអភិវឌ្ឍនិងការផ្ដល់ជំនួយផ្សេងៗទាំងធនធានទាំងបច្ចេកទេស ទាំងថវិកាមកឲ្យប្រជាជនខ្មែរហ្នឹង»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា រដ្ឋាភិបាលតែងតែចាត់ទុកអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលហ៊ានតវ៉ាកន្លងមក ថាជាអ្នកប្រឆាំង។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលនៅតែចាត់ទុកពលរដ្ឋខ្លួនបែបនេះទៀត រដ្ឋាភិបាលនឹងបាត់បង់កៅអីកាន់តែច្រើននៅថ្ងៃបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ខាងមុខនេះ។
លោកថា «ចឹងនៅពេលដែលសេវាកម្មទីដល់ពលរដ្ឋរឿងគ្រប់រឿងរ៉ាវទាំងអស់ដែលពលរដ្ឋមានបញ្ហាគឺអង្គការក្រៅរដ្ឋាភិបាលត្រូវតែធ្វើការឆ្លើយតបគឺចង់ឲ្យសំឡេងរបស់ពលរដ្ឋបានលឺដល់រដ្ឋាភិបាលដើម្បីឲ្យរដ្ឋាភិបាលជួយទាន់ពេលកុំឲ្យខូចឈ្មោះ។ ប៉ុន្តែនៅស្រុកយើងនេះរដ្ឋាភិបាលហាក់មិនព្រមទទួលស្គាល់អាហ្នឹងទេ ឲ្យតែយើងធ្វើការជាមួយពលរដ្ឋ យកសំឡេងទៅប្រាប់គាត់ចោទយើងជាគណបក្សប្រឆាំង ជាអ្នកប្រឆាំង»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយថា បក្សកាន់អំណាច ហាក់បានប្រើវិធានការបំបាត់សិទ្ធិសេរីភាពបញ្ចញមតិ ការជួបជុំដោយសន្តិវិធី ខណៈការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ជិតមកដល់។
អង្គការលើកលែងទោសអន្តរជាតិមួយនេះ បានចាត់ទុក ការឃុំខ្លួនសកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ការចាប់ខ្លួនមន្ត្រីអាដហុក មន្ត្រី គ.ជ.ប សកម្មជនបក្សប្រឆាំង និងការយាយីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជាដើមថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន «ហាក់បីដូចជាបានចាប់ផ្តើមធ្វើយុទ្ធនាការជាប្រព័ន្ធមួយ ដើម្បីកម្ចាត់អ្នកដែលហ៊ានរិះគន់ តាមរយៈសំណុំរឿងព្រហ្មទណ្ឌគ្មានហេតុផល និងប្រឌិត»៕









