រដ្ឋាភិបាលប្រកាសចាប់ខ្លួនមេក្លោងរកស៊ីបោកប្រាក់ពលរដ្ឋ ខណៈជិតបោះឆ្នោត

ខណៈការបោះឆ្នោតឃុំ សង្កាត់ខិតមកដល់ រដ្ឋាភិបាលកម្ពុជាប្រកាសតាមចាប់ខ្លួនមេខ្លោងក្រុមហ៊ុនរកស៊ីបោកប្រាក់ពីពលរដ្ឋ បើទោះជាករណីនេះបានកើតឡើងច្រើនឆ្នាំមកហើយ។ ពលរដ្ឋរាប់ពាន់មកពីបណ្តាខេត្តនានាបានដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធឲ្យជួយ អន្តរាគមន៍ដោយចោទក្រុមមួយឈ្មោះ អ៊ីបីស៊ី (EBC) និងអ្នកពាក់ព័ន្ធថា បោកយកប្រាក់ពួកគេ អស់រាប់លានដុល្លារ។

នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ ក្រួសួងយុត្តិធម៌ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានធ្វើសន្និសិទសារ ព័ត៌មានមួយដោយបង្ហាញមុខមេខ្លោងមួយចំនួនដែលបោកយកប្រាក់ពីពលរដ្ឋ និងប្រកា​សតាម ចាប់ខ្លួនជនទាំងនោះផងដែរ ប៉ុន្តែមិនបានបង្ហាញពីដំណោះស្រាយចំពោះពលរដ្ឋនោះទេ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្រ្ទផល មានប្រសាសន៍ថា អំពើឆបោកនោះមាន លក្ខណៈជាប្រព័ន្ធ និងមានវិធីសាស្រ្តខ្ពស់ក្នុងការអួសទាញមនុស្សឲ្យបង់ប្រាក់ ដែលលោកថា ករណីអំពើឆបោកនេះបានកើតមានជាង២ឆ្នាំហើយ។

លោកបន្តថា ការពន្យាពេលមិនមានចំណាត់ការលើករណីអំពើឆបោកនោះ ដោយសារគ្មាន ពាក្យបណ្តឹងពីពលរដ្ឋ ហើយម្យ៉ាងទៀត លោកថា សកម្មភាពរកស៊ីនោះគឺស្ថិតនៅក្រៅប្រព័ន្ធ ដែលពិបាកក្នុងការគ្រប់គ្រង។

លោកបន្ថែមថា «រហូតមកដល់ពេលនេះដែលស្ថាភាពបែបនេះហើយនៅមានភ្នាក់ងាយខ្លះដើរ ទៅប្រាប់អតិថិជនកុំប្តឹង បើប្តឹងមិនសង់លុយវិញទេ អញ្ចឹងហើយបានយើងខឹតខំផ្សព្វផ្សាយ ប្រសិនមិនមានពាក្យបណ្តឹងទេយើងមិនអាចចាត់វិធានការណ៍អីបានទេ យើងបានត្រឹមតែផ្សព្វផ្សាយនិងការពារប៉ុណ្ណឹង»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជាលោក សន ជ័យ យល់ថា ការបង្ហាញ ចំណាត់ការរបស់រដ្ឋាភិបាលចំពោះក្រុមហ៊ុនរកស៊ីបោកប្រាក់ពលរដ្ឋនៅពេលនេះ ហាក់មាន ចេតនាកេងចំណេញផ្នែកនយោបាយ ដោយថា រឿងនោះត្រូវបានពលរដ្ឋដាក់ពាក្យបណ្តឹង តាមស្ថាប័នពាក់ព័ន្ធច្រើនដង និងយូរឆ្នាំមកហើយ ប៉ុន្តែមិនបានដោះស្រាយទាន់ពេលនោះទេ។

លោកបន្ថែមថា «ខ្ញុំឃើញថាចំណាត់ការនេះ ធ្វើឡើងស្របនឹងពេលវេលាមួយដែលមានការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាមពិតពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ រងគ្រោះដោយសារក្រុមហ៊ុនកើតមានយូរមកហើយ តែបែរជាមានការឆ្លើយតបតិចតួច តែទើបតែលឺនៅពេលនេះ។ អញ្ចឹងខ្ញុំថា វាជាធម្មតាទេក្រសួងស្ថាប័នរបស់ជាតិហ្នឹងកើតឡើងដោយ រដ្ឋាភិបាល អញ្ចឹងជៀសមិនរួចពីទង្វើរឬសកម្មភាពហ្នឹងវាមានការពាក់ព័ន្ធនឹងការចង់បានប្រជាប្រិយភាព អញ្ចឹងខ្ញុំគិតប្រសិនបើចាត់វិធានការសុំចាត់វិធានការឆាប់រហ័សនិងមានប្រសិទ្ធភាពកុំឲ្យសន្យាហើយទុកចោល»

កាលពីខែមេសាឆ្នាំ២០១៧ក្រុមពលរដ្ឋជាច្រើនរយនាក់ដែលអះអាងថា តំណាងឲ្យពលរដ្ឋ ជាង៥ម៉ឺនគ្រួសារមកពី២៥ខេត្តក្រុង បានប្រមូលផ្តុំគ្នាដាក់ពាក្យបណ្តឹងតាមស្ថាប័នមួយចំនួន ដូចជាតុលាការក្រុងភ្នំពេញ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងរដ្ឋសភាដើម្បីរកកិច្ចអន្តរាគម ន៍បន្ទាប់ពីក្រុមហ៊ុនមួយ​ឈ្មោះអ៊ីប៉ីស៊ី​ ​(EBC) ​បានបោកប្រាក់ពួកគេក្នុងម្នាក់ចន្លោះពី១ម៉ឺនដល់១០ម៉ឺនដុល្លារដោយសន្យាផ្តល់អត្រាការប្រាក់ខ្ពស់។

មន្រ្តីក្រសួងមហាផ្ទៃ ឲ្យដឹងថា តាមពាក្យបណ្តឹងពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននោះមានចំ នួន៧៤៣០នាក់ និងទឹកប្រាក់ប្រមាណ៦០លានដុល្លារ ប៉ុន្តែថាទិន្នន័យពិតប្រាកដអាច មានចំនួនច្រើនជាងនេះ។

បើតាមញត្តិពលរដ្ឋកាលនោះ ឲ្យដឹងថា ក្រុមហ៊ុនអ៊ីប៉ីស៊ី (EBC) មានការិយាល័យធំនៅទីក្រុងហុងកុងប្រទេសចិន ដែលមានលោក ស៊ាន តាន់ ជាប្រធានក្រុមហ៊ុន ដោយបានធ្វើប្រតិបត្តិការ​នៅប្រទេសកម្ពុជានៅឆ្នាំ២០១៣ និងបានសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី អាគ្នេយ៍ដែលមានបុគ្គលឈ្មោះ ហួត សុវណ្ណ ប្រធាន និងសមាគមប្រឹក្សាយោបល់វិនិយោគ ដែលមានបុគ្គលឈ្មោះ ជីហ្គោ សាលី ជាប្រធាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ